កម្លាំងចម្រុះខេត្តកំពង់ធំបង្ក្រាបបទល្មើសនេសាទបួនករណីករណីនៅស្រុកចំនួនបីផ្សេងគ្នា
កំពង់ធំ៖ នៅខេត្តកំពង់ធំកាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៥កម្លាំងចម្រុះមានកម្លាំងរដ្ឋបាលជលផល ,បរិស្ថាន ,សហគមន៍នេសាទនិងកងទ័ពបានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅក្នុងតំបន់ភូមិសាស្ត្រស្រុកចំនួនបីនិងបានរកឃើញបទល្មើសប្រើឧបករណ៍នេសាទខុសច្បាប់មួយចំនួន។កម្លាំងចម្រុះបានបំផ្លាញចោលនៅនឹងកន្លែងនូវឧបករណ៍ល្មើសទាំងនេះ រួមទាំងការចាក់លែងកូនត្រីទៅក្នុងទន្លេវិញផង។
របាយការណ៍បានបង្ហាញថា ករណីទី១. នៅតំបន់ភូមិទួលតាមុំ សានស្រី ដៃវែង បឹងផ្ទោល និងអូរលួ ស្ថិតនៅឃុំទ្រៀល ស្រុកតាំងគោក បានរកឃើញឧបករណ៍នេសាទខុសច្បាប់មួយចំនួនដូចជារបាំងសាច់អួនក្រឡាញឹក៣របាំង (២១៣ម៉ែត្រ), ឡុក៣គ្រឿង, លបលូ ៦មាត់របាំងស្បៃមុង ១របាំង (៥៧ម៉ែត្រ), ឡុក១គ្រឿង, លបលូ ១មាត់, បង្គោល ១៥៣ដើមនិងចាក់លែងត្រីចម្រុះ ១០គីឡូក្រាមចូលទន្លេវិញ។ករណីទី២.នៅព្រែកទាល់ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយបានរកឃើញរបាំងសាច់អួនក្រឡាញឹក ៣របាំង (៤៥០ម៉ែត្រ), បង្គោល ២៥០ដើម, ឡុក ៦គ្រឿង, លបលូ ៦មាត់ចាក់លែងត្រីចម្រុះ ៩គីឡូក្រាម។ករណីទី៣. នៅអាងទឹកសំព័រ ឃុំចំណាក្រោម ស្រុកស្ទោងបានរកឃើញរបាំងសាច់អួនក្រឡាញឹក ៧របាំង (១៤០០ម៉ែត្រ), ឡុក ៧គ្រឿង, លប ៧មាត់, បង្គោល ១៤០ដើមនិងចាក់លែងត្រីចម្រុះ ១៥គីឡូក្រាមនិងករណីទី៤. នៅចំណុចជ្រោយធំ និងបាទាល់ ឃុំពាមបាង ស្រុកស្ទោងបានរកឃើញរបាំងស្បៃមុង ៦របាំង (៤៩០ម៉ែត្រ),ឡុក៧គ្រឿង,លូ៩មាត់,បង្គោល៤៦០ដើមរបាំងសាច់អួនក្រឡាញឹក ១របាំង (២៧០ម៉ែត្រ), ឡុក ៣គ្រឿង, លូ ៦មាត់, បង្គោល ២៣០ដើមចាក់លែងត្រីចម្រុះ ១៥គីឡូក្រាម។
រដ្ឋបាលជលផលខេត្តកំពង់ធំ បញ្ជាក់ថា ប្រតិបត្តិការនេះ ជាចំណុចបន្តនៃយុទ្ធនាការថែរក្សា និងការពារធនធានជលផលឱ្យមានស្ថិរភាព និងប្រកបដោយចីរភាព សម្រាប់ជីវភាពប្រជាជនជិតទន្លេ និងអ្នកពឹងផ្អែកលើវិស័យនេសាទជាប្រចាំ៕