រដ្ឋមន្រ្តីព័ត៌មានកម្ពុជា ស្នើឱ្យអ្នកកាសែតថៃឈប់ផ្សាយព័ត៌មានមិនពិតពីបញ្ហាព្រំដែន

សៀមរាប៖ ពីវេទិកានៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ (The 20th AMS 2025) នៅខេត្តសៀមរាប លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បាន​ស្នើឱ្យអ្នកសារព័ត៌មាន​ ឬបណ្តាញព័ត៌មានថៃ បញ្ឈប់ការផ្សាយព័ត៌មានមិនពិត ដែលនាំឱ្យ​មាន​ការភាន់ច្រឡំ​ទៅលើបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលកំពុងឡើងកម្ដៅ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២១ កក្កដា នាសណ្ឋាគារសុខាសៀមរាប លោក នេត្រ ភក្រ្តា បានលើកឡើងថា បណ្ដាញផ្សព្វផ្សាយសារព័ត៌មានថៃ បាន​និងកំពុង​ផ្សព្វ​ផ្សាយព័ត៌មានបែបបំភ្លៃ បំផ្លើស ខុសពីការពិត ដែលបង្កើតឱ្យមានមន្ទិល និងខុសពីការពិត​ទាក់​ទិនទៅនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ។ តួយ៉ាងនៅថ្ងៃទី៨ មិថុនា កន្លងទៅ កម្ពុជា-ថៃ បាន​ព្រមព្រៀងគ្នា​លើការកែសម្រួលកម្លាំង​ទ័ពនៅចំណុចមុមបី តែសារព័ត៌មាន Khaosod របស់​ថៃ​បានផ្សាយថា​កម្ពុជា ព្រមព្រៀងដកទ័ព​នៅចំណុចរស៊ើបនេះទៅវិញ។ នេះបើតាមការបញ្ជាក់​ពីលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ចំណុចខាងលើនេះ ត្រូវបានលោក នេត្រ ភក្រ្តា អះអាងថា សុទ្ធសឹងជាចេតនារបស់ថៃដែល​មានបំណង ផ្សាយព័ត៌មានខុសពីការពិត និងបង្កឱ្យមានការភាន់ច្រឡំ​ទៅលើការយល់​ឃើញ​របស់សាធារណជន ទាក់ទងនឹងបញ្ហាព្រំដែន។ លោករដ្ឋមន្រ្តីស្នើឱ្យសារព័ត៌មានថៃ ប្រកាន់​យក​ក្រមសីលធម៌វិជ្ជាជីវៈ និងផ្សព្វផ្សាយអ្វីជាការពិត ខណៈដែរគ្រប់គ្នាកំពុងទប់ស្កាត់ការផ្សព្វ​ផ្សាយ និងចែកចាយព័ត៌មានក្លែងក្លាយ។

លោក នេត្រ ភក្រ្តា លើកឡើងដូច្នេះថា៖«អ្វីដែលខ្ញុំស្នើទៅភាគីថៃ ពិសេសគឺប្រព័ន្ធផ្សព្វផ្សាយ​ថៃ គឺសូមឱ្យប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ ការផ្សព្វផ្សាយត្រូវ​ប្រ​កាន់​នូវ​សច្ចៈភាពនៃព័ត៌មាន ភាពត្រឹមត្រូវនៃព័ត៌មាន ហើយសូមកុំឱ្យបញ្ចូល​នូវនិន្នាការ​នយោបាយ​នៅក្នុងព័ត៌មានរបស់ខ្លួន»។

លោករដ្ឋមន្រ្តីព័ត៌មានបញ្ជាក់ថា លោកមិនមែនកំពុងបង្រៀនអ្នកព័ត៌មានថៃទេ ប៉ុន្តែពួកគេគួរ​ប្រកាន់យក​នូវ​​ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនាមអ្នកសារព័ត៌មានមួយរូប ដោយមិនត្រូវផ្សាយព័ត៌​មាន​​សម្រាប់​តែបំពេញចិត្តពលរដ្ឋរបស់ខ្លួននោះទេ ខណៈដែលប្រជាជនកម្ពុជាទទួលបាន​ព័ត៌​មានពិត ដែលចេញដោយប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា ដែលវាបង្ហាញថា ភាគីម្ខាងទៀត​កំពុង​ផ្សាយ ព័ត៌មានដែលខុសពីការពិត៕

អត្ថបទដែលជាប់ទាក់ទង