ឯកឧត្តម ឃួង ស្រេង ៖ គណបក្សប្រជាជនកម្ពុជា មានច្ឆន្ទៈមោះមុត ក្នុងការរក្សាសន្តិភាព និងកិច្ចការពារបូរណភាពទឹកដីឱ្យបានដាច់ខាត ពីចោរឈ្លានពាន
(ភ្នំពេញ)៖ គ្រប់ពេលវេលា ដែលប្រទេសជាតិមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសក្បែរខាង និងជម្ងឺរាតត្បាតកូវីដ-១៩ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលចេញមុខការពារបូរណភាពទឹកដីនិង ការពារអាយុជីវិតប្រជាពលរដ្ឋពីជម្ងឺឆ្លងទាំងនេះ។
គណបក្សប្រជាជនកម្ពុជាមានច្ឆន្ទៈមោះមុត ក្នុងការរក្សាសន្តិភាព និងកិច្ចការពារបូរណភាពទឹកដីឱ្យបានដាច់ខាត ពីចោរឈ្លានពាន។ កម្ពុជាក្រទេ តែកម្ពុជាមិនឯកកោទេ មិនអាចចេះតែរំលោភបំពានស្រេចតែចិត្តនោះទេ។
ការលើកឡើងខាងលើនេះរបស់ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានធ្វើឡើង នាល្ងាចថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។
លោក លោកស្រី ប្រធានភូមិទាំង០៩ភូមិ និងលោកចៅសង្កាត់ផ្សារថ្មីទី២ បានរាយការណ៍ពីសមិទ្ធផលការងារនិងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាមួយនិងការស្នើសុំការជួយស្ថាបនាជណ្តើររួមរបស់ប្រជាពលរដ្ឋ កំពស់៤ទៅ៥ជាន់ចំនួន៧ខ្សែ ដែលមានសភាពចាស់ទ្រុឌទ្រោម។ ជាមួយនិងងការប្តេជ្ញាចិត្ត ក្នុងការកសាងសហជិកបក្សឱ្យមានសន្ធុះខ្លាំងឡើងទៅតាមផែនការដែលបក្សបានដាក់ចុះ ដើម្បីឈានទៅយកជ័យជំនៈក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ ខាងមុខនេះ។
ឯកឧត្ដម ឃួង ស្រេង បានណែនាំ លោកជា ខេមា ដែលជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញត្រូវពិនិត្យមើលពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដូចជាការបំពាក់អំពូលភ្លើងនៅតាមផ្លូវឌឿងហែម តាមជណ្តើរឡើងរួម ជួសជុលផ្លូវ ដាក់លូជាដើម ។
ចំពោះការស្នើសុំជួសជុលជណ្តើររួមរបស់ប្រជាពលរដ្ឋចំនួន ៧ខ្សែ យើងត្រូវតែជួសជុលជូនពួកគាត់ហើយ ។ បន្ថែមពីនេះ ការរៀបចំសណ្តាប់ធ្នាប់ និង បរិស្ថាននៅតាមផ្លូវឌឿងហែមក៏ជាការងារដែលត្រូវតែធ្វើ ។ យើងមិនមែន មិនឱ្យពួកគាត់លក់ដូនោះទេ តែការលក់ដូរត្រូវតែមានសណ្តាប់និងបរិស្ថានល្អ គឺលក់ដូរហើយ គ្មានសំរាម ហើយនៅពេលមានអគ្គីភ័យកើតឡើងរថយន្តអគ្គិភ័យអាចចូលទៅបាញ់ពន្លត់បាន។
ជាមួយគ្នានោះ ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ គណបក្សខណ្ឌ សង្កាត់ ដែលបានរួមចំណែក ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះរហូតមក ៕