បទល្មើសបច្ចេកវិទ្យា! ជនសង្ស័យជាង៣ពាន់នាក់ត្រូវបានឃាត់ខ្លួន ដោយជនជាតិចិន និងវៀតណាមច្រើនជាងគេ

ភ្នំពេញ៖ ទីតាំងប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ១៣៨ទីតាំង ត្រូវបាន​សមត្ថ​កិច្ច​បង្ក្រាបបាន និងឃាត់ខ្លួនជនសង្ស័យ បានចំនួន ៣ ០៧៥នាក់ គិតចាប់ពីថ្ងៃទី២៧ ខែ​មិថុ​នា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ដែលផ្តល់ដោយ​លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ តាមរបាយការណ៍ ក្នុងចំណោមជនសង្ស័យ​ដែលឃាត់​ខ្លួន​នោះ ជនជាតិចិន និងវៀតណាម មានច្រើនជាងគេ បន្ទាប់មកគឺជនជាតិ ឥណ្ឌូ​ណេស៊ី ឥណ្ឌា​ បង់ក្លាដេស និងជនជាតិថៃ​។

លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធ​បច្ចេក​វិទ្យា​(គ.ប.ឆ.ប) នៅថ្ងៃទី២៣ ខែកក្កដានេះ បានបង្ហាញលទ្ធផលបង្ក្រាបឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យានៅទូទាំង ក្នុងរយៈពេល២៧ថ្ងៃ បាន១៣៨ទីតាំង។ ក្នុងចំណោមទីតាំងទាំងនេះ អាជ្ញាធរ ​សង្គ្រោះជនរងគ្រោះជនជាតិវៀតណាមចំនួន១៥៣នាក់ ចេញពីទីតាំងមួយកន្លែង ក្នុងខេត្តពោធិ៍សាត់។

ជាមួយគ្នានេះ នៅ១៣៨ទីតាំងដែលត្រូវបានបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ឡានដឹក ជនបរទេស ២០ ករណី។ ប៉ុន្តែ​មាន១ករណី ក្នុងខេត្តតាកែវ រកពុំឃើញជនសង្ស័យឡើយ​ខេត្តតាកែវ។ ទន្ទឹមនឹងនេះ ប៉ូលិសបានចុះបង្ក្រាបបណ្ដារាជធានីខេត្ត រួមមាន រាជធានី​ភ្នំ​ពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរ​មានជ័យ ស្ទឹងត្រែង មណ្ឌលគិរី ប៉ៃលិន តាកែវ ស្វាយរៀង សៀមរាប និងត្បូងឃ្មុំ។

បើតាមរបាយការណ៍ ប្រតិបត្តិការនៅ១៣៨ទីតាំងនោះ អាជ្ញាធរឃាត់ខ្លួនបានជនសង្ស័យ សរុប ៣ ០៧៥នាក់ ក្នុងនោះមានស្រី៦០៦នាក់។ ចំណោមជនសង្ស័យទាំងអស់ មាន​ជន ជាតិ​ចិនចំនួន១ ០២៨ នាក់, វៀតណាម ៦៩៣នាក់, ឥណ្ឌូណេស៊ី ៣៦៦នាក់, ឥណ្ឌា១០៥ នាក់​, បង់ក្លាដែស១០១នាក់, ថៃ៨២នាក់, កូរ៉េ៥៧នាក់, ប៉ាគីស្ថាន៨១នាក់,នេប៉ាល់១៣​នា​ក់​, ម៉ាឡេស៊ី៤នាក់។ ក្រៅពីនេះក៏មានជនជាតិផ្សេងៗទៀតដែរ ដូចជា ហ្វីលីពីន ឡាវ នី​ហ្សេ​រី​យ៉ា ម៉ុងហ្គោលី រុស្ស៊ី មីយ៉ាន់ម៉ាជាដើម។

ករណីបង្ក្រាបខាងលើ សមត្ថកិច្ចជំនាញ រកមុខសញ្ញាមេក្លោងឃើញ១១នាក់ ពួកគេ ត្រូវ​បានបញ្ជូនទៅតុលាការ ហើយក្នុងនោះ តុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន៨នាក់។ ទន្ទឹម​នឹងនេះ មានជនសង្ស័យ១៧នាក់ ត្រៀមមបណ្ដេញចេញ។

ចំពោះវត្ថុតាងវិញ សមត្ថកិច្ចរកឃើញភាគច្រើនមានកុំព្យូទ័រ ទូរសព្ទ ម្សៅអេស្ដាស៊ី ​(ថ្នាំ​ញៀ ន​) ជញ្ជីងថ្លឹងគ្រឿងញៀន សារធាតុញៀននិងឧបករណ៍កែច្នៃគ្រឿងញៀន មួយចំនួន​ដែរ​។ ក្រៅពីនេះ ក៏មាន​សម្លៀកបំពាក់ទម្រង់ជាឯកសណ្ឋានប៉ូលិសចិនមួយចំនួន អាវុធ និងគ្រាប់​កាំភ្លើង។

យុទ្ធនាការបោសសម្អាត​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទូទាំងប្រ​ទេស ចាប់ពីថ្ងៃទី១៥ ខែកក្កដា​ តាមការបញ្ជារបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចនៅតាមរាជធានី-ខេត្ត បានចាប់បង្ក្រាបទីតាំងប្រព្រឹត្តបទ ល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងផុសផុល។

សូមជម្រាបដែរថា របាយការណ៍ឆមាសទី១ ឆ្នាំ២០២៥​ របស់ក្រសួងមហាផ្ទៃ បង្ហាញថា នគរបាលបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) បាន១៨ករណី ក្នុងនោះឃាត់ខ្លួន​បាន ២ ៤១៨នាក់។ ជនសង្ស័យភាគច្រើន មាន ជនជាតិខ្មែរ ចិន ថៃ មីយ៉ាន់ម៉ា វៀតណាម ឡាវ ឥណ្ឌា ប៉ាឡេស្ទីន ឥណ្ឌូណេស៊ី និង​ម៉ា​ឡេ​ស៊ី៕

អត្ថបទដែលជាប់ទាក់ទង