កម្ពុជា ច្រានចោលការចោទប្រកាន់ ហើយរំឭកថៃឱ្យអនុវត្តតាមMOU ឆ្នាំ២០០០ លើការប្រើប្រាស់តម្រាយផ្លូវដើរល្បាត
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃចំនួន ៥ នាក់ ដោយសារការផ្ទុះគ្រាប់មីន នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា កម្ពុជាតែងតែបានរំឭកភាគីថៃជាច្រើនលើកច្រើនសារហើយថា តំបន់នៅតាមព្រំដែនទាំងនេះ នៅមានសំណល់គ្រាប់មីន ដែលបន្សល់ទុកពីសង្គ្រាមជាច្រើនគ្រាប់ ហើយមិនទាន់ត្រូវបានបោសសម្អាតអស់។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏ជំរុញឱ្យភាគីថៃអនុវត្តតាមការឯកភាពគ្នាលើការប្រើប្រាស់តម្រាយផ្លូវសម្រាប់ដើរល្បាត ដូចដែលមានចែងនៅក្នុងអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU 2000) ចៀសវាងការអនុវត្តផ្ទុយពីនេះ។
«វាជាការដែលគួរឱ្យសោកស្តាយយ៉ាងខ្លាំងបំផុតដែលភាគីថៃ មិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួន ហើយថែមទាំងមកចោទប្រកាន់កម្ពុជាថា បានរំលោភច្បាប់អន្តរជាតិ ទាំងកម្ពុជាខ្លួនឯងជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោភបំពានច្បាប់របស់ថៃ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ នាយប់ថ្ងៃទី២៣ កក្កដា។
កម្ពុជា នឹងបន្តអនុវត្ត និងដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី និងសុខសុវត្ថិភាពប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានមកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។