ក្រសួងការពារជាតិ អំពាវនាវពលរដ្ឋកុំចែករំលែកព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ពកម្ពុជា

ក្រសួងការពារជាតិបានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់។  ជាពិសេស គឺកុំចែករំលែករូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ។

ក្រសួងការពារជាតិចេញសារអំពាវនាវបែបនេះ បន្ទាប់ពីសង្កេតឃើញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន​ បានចែករំលែកជាបន្តបន្ទាប់នូវព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសពាក់ព័ន្ធនឹងសកម្មភាពកងទ័ពកម្ពុជា ដែលកំពុងតបតពីសំណាក់កងទ័ពថៃ នាព្រឹកថ្ងៃទី២៤​ ខែកក្កដានេះ។​

បើតាមលោក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ។ លុះដល់ម៉ោង៧:០៤នាទីព្រឹកថ្ងៃទី២៤ ខែកក្កដានេះ  ភាគីថៃបានបង្ហោះដ្រូន រយៈពេល២នាទី ហើយនៅវេលាម៉ោង ៨:៣០នាទី ភាគីថៃបានបាញ់ឡើងលើ ។

បន្ទាប់មក នៅវេលាម៉ោង ៨:៤៦ នាទីព្រឹកនេះ កងទ័ពឈ្លានពានថៃ បានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់យ៉ាងដូច្នេះ ៖ «​ បន្ទាប់មកនៅវេលាម៉ោង ៨:៤៧នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា  កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា»។

ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់បែបនេះ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។

កម្ពុជាអំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ថៃ ហើយត្រូវឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលរបស់ខ្លួន។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងជៀសវាងសកម្មភាពឈ្លានពានដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។

ខណៈកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈមធ្យោបាយផ្លូវច្បាប់ និងការទូត ក្រសួងការពារជាតិបញ្ជាក់ពីការត្រៀមខ្លួនពេញលេញរបស់កងយោធពលខេមរភូមិន្ទដើម្បីការពារអធិបតេយ្យភាព និងប្រជាជនរបស់ព្រះរាជាណាចក្រកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។ យោងតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ កម្ពុជារក្សាសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារខ្លួន ហើយនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះអំពើឈ្លានពានយ៉ាងកម្រោលរបស់ថៃ។

យ៉ាងណាមិញ  ក្រសួងការពារជាតិបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ៕

អត្ថបទដែលជាប់ទាក់ទង