លោក ស សុខា៖ ទ័ពកម្ពុជា កំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃ ដែលវាយប្រហារនៅតំបន់ព្រំដែន
ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា កងកម្លាំងការពារព្រំដែនកម្ពុជា កំពុងម្ចាស់ការលើការវាយខ្មាំងថៃ ខណៈថៃបានវាយប្រហារលើទីតាំងឈរជើងរបស់ខ្មែរ នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងពង្រីកភូមិសាស្ត្រវាយប្រហារដល់តំបន់មុំបី ខេត្តព្រះវិហារ។
តាមរយៈសំណេរនៅលើហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ កក្កដានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរកម្លាំងការពារព្រំដែនយ៉ាងដូច្នេះ៖ «កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដ៏អង់អាចក្លាហានរបស់យើង បាននិងកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃ ដ៏សាមាន្យ ដែលបើកការវាយប្រហារលើទីតាំងឈរជើងរបស់ខ្មែរ នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងពង្រីកភូមិសាស្ត្រវាយប្រហារដល់តំបន់មុំបី ខេត្តព្រះវិហារ»។
ក្នុងនាមជាអ្នកនៅសមរភូមិក្រោយ លោក ស សុខ បង្ហាញជំហរគាំទ្រ កងកម្លាំងនៅសមរភូមិជួរមុខជានិច្ច។ ជាមួយគ្នាដែរ រដ្ឋមន្ត្រីមហាផ្ទៃ បានអំពាវនាវទៅកាន់មហាជនបែបនេះ៖ «សូមជនរួមជាតិនៅសមរភូមិក្រោយ រក្សាភាពស្ងាត់ស្ងៀម មានលំនឹងក្នុងចិត្ត និងសូមបន្តការងារក្នុងជីវភាពប្រចាំថ្ងៃជាប្រកតី តាមអនុសាសន៍សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃយើង»។
កម្ពុជាប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់យោធាថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជា ក៏អំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ថៃផងដែរ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។