អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ កម្ពុជាអំពាវនាវឱ្យភាគីថៃអត់ធ្មត់ និងចៀសវាងការចោទប្រកាន់ជាសាធារណៈមកលើកម្ពុជាដោយប្រញ៉ាប់ប្រញ៉ាល់ ជុំវិញឧបទ្ទេវហេតុជាន់មីន
ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៧:០០ នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវឱ្យភាគីថៃអត់ធ្មត់ និងចៀសវាងការចោទប្រកាន់ជាសាធារណៈមកលើកម្ពុជាដោយប្រញ៉ាប់ប្រញ៉ាល់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងស្មារតីនៃបទឈប់បាញ់នៅក្នុងពេលដែលការចូលរួមដោយស្ថាបនា គឺជាតម្រូវការដ៏បន្ទាន់។
ឯកឧត្តមអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា «កម្ពុជាបានទាមទារឱ្យប្រទេសថៃគោរពបានពេញលេញចំពោះកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំវិសាមញ្ញកន្លងមកថ្មីៗនេះរបស់គណៈកម្មាធិការព្រំដែនទូទៅ ជាពិសេសគឺកិច្ចព្រមព្រៀងនៃការរក្សាទីតាំងឈរជើងរបស់កងទ័ពនាពេលបច្ចុប្បន្ន ហើយចៀសវាងការធ្វើចលនា ឬក៏ការល្បាតឆ្ពោះទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀត»។
គួរបញ្ជាក់ថា ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងក្រោយពីមានយោធាថៃចំនួន៣នាក់ផ្សេងទៀត បានជាន់មីនរងរបួសកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ ខណៈពេលដែលពេលពួកគេដើរល្បាតដោយមិនគោរពទៅតាមសេចក្ដីថ្លែងការណ៍រួមក្រោយកិច្ចប្រជុំ GBC នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ហើយនៅថ្ងៃដដែលនោះ ក្រសួងការបរទេសថៃបានចេញសេចក្ដីថ្លែងការណ៍ចោទប្រកាន់ថា មីននោះគឺកម្ពុជាជាអ្នកដាក់៕