អគ្គិភ័យឆាបឆេះផ្ទះជួសជុលកង់បីនៅផ្សារដើមថ្កូវ បុរសម្នាក់របួស និងយាយម្នាក់ត្រូវបានជួយសង្គ្រោះ
រាជធានីភ្នំពេញ ៖ ឆេះផ្ទះជួសជុលកង់បីឥណ្ឌា និងកង់អាគុយ អស់មួយកំណាត់ខាងមុខផ្ទះ ស្ទើរទាំងស្រុង ខណៈអគ្គិភ័យនេះបង្កអោយលោកយាយវ័យជាង៦០ឆ្នាំម្នាក់ ជាប់គាំងនៅបន្ទប់ និងបុរសម្នាក់រងរបួស ឈ្មោះ ហឿង វ៉ាន់ដេត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ Pas App និងកង់អាគុយ។ មូលហេតុដោយសារជួសជុលអាគុយ បង្កើតជាអណ្តាតភ្លើងឆេះអស់ម៉ូតូ០៣គ្រឿង កង់បីឥណ្ឌា០១គ្រឿង និងម៉ូតូអាគុយ០១គ្រឿង ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង៤០នាទីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្ទះជួសជុល និងប្តូរប្រេងកង់បី មួយកន្លែង តាមបណ្តោយផ្លូវលេខ៤៣០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភព័ត៌មានពីប្រជាពលរដ្ឋ បានអោយដឹងថា គេបានឮសំឡេងផ្ទុះ២ដង ចេញពីផ្ទះកើតហេតុ ស្របពេលនោះ ក៏មានពលរដ្ឋបានស្រែក«មានភ្លើងឆេះៗ» បង្កការភ្ញាក់ផ្អើលឡើង។ ខណៈនោះ អណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ រហូតបង្កការរាលដាលដល់ម៉ូតូ០៣គ្រឿង, កង់បីឥណ្ឌា០១គ្រឿង និងម៉ូតូអាគុយ ០១គ្រឿង ឆេះអស់ទាំងស្រុង។ ស្របពេលនោះ ក៏មានក្មេងប្រុសម្នាក់ បានប្រាប់ថា យាយ(អង្គុយលើរទេះរុញ)របស់ខ្លួនកំពុងជាប់នៅបន្ទប់ខាងលើ។ ភ្លាមៗ ពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច មកជួយអន្តរាគមន៍ នៅទីតាំងខាងលើ ដោយសមត្ថកិច្ចបានប្រញាប់ប្រញាល់ ឡើងទៅជួយសង្គ្រោះ លោកយាយម្នាក់ ចុះមកក្រោមដោយសុវត្ថិភាព មិនមានរងរបួសនោះឡើយ ។
អគ្គិភ័យនេះដែរ បានឆាបឆេះផ្នែកខាងមុខអស់ស្ទើរទាំងស្រុង បង្កការខូចខាតកង់បីឥណ្ឌា០១គ្រឿង, ម៉ូតូ០៣គ្រឿង និងម៉ូតូអាគុយ០១គ្រឿង និងសម្ភារមួយចំនួន។ ក្នុងនោះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញ ចំនួន ១០គ្រឿង, រថយន្តជំនួយស្រាបៀរកម្ពុជា ០១គ្រឿង, រថយន្តទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង បាញ់អោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចស្រាវជ្រាវ រកឃើញ បណ្តាលមកពីជួសជុលអាគុយ បង្កជាអគ្គិភ័យ ៕