ថៃរឹបអូសទំនិញរត់ពន្ធខុសច្បាប់ជិត ៧០ម៉ឺនមុខ នៅក្រុងបាងកក

រដ្ឋាភិបាលថៃនៅថ្ងៃទី១០ ខែសីហា បានប្រកាសថា កម្លាំងសមត្ថកិច្ចបានរកឃើញ និងដកហូតទំនិញជាង ៧០ម៉ឹនមុខ នៅក្នុងយុទ្ធនាការបង្ក្រាបទំនិញខុសច្បាប់ និងគុណភាពទាបនៅរដ្ឋធានីបាងកក។

រដ្ឋាភិបាលថៃបានបង្កើតក្រុមការងារជំនាញ ដើម្បីបង្ក្រាបទំនិញខុសច្បាប់ និងគុណភាពទាប ដែលដឹកនាំដោយក្រសួងឧស្សាហកម្ម ដោយសហការជាមួយវិទ្យាស្ថានស្តង់ដារឧស្សាហកម្មថៃ (TSI) និងនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI)។ នេះបើតាមកាសែត Bangkok Post ស្រង់សម្តីអ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោកស្រី Sasikarn Watthanachan នៅថ្ងៃទី១០ ខែសីហា។

កន្លងមក ក្រុមការងារនេះបានធ្វើការត្រួតពិនិត្យភ្លាមៗ និងរកឃើញការរំលោភច្បាប់នៅតាមឃ្លាំង និងគ្រឹះស្ថានអាជីវកម្មជាច្រើន។ គួរឱ្យកត់សម្គាល់ នៅឃ្លាំងពីរកន្លែងក្នុងសង្កាត់ Bang Khun Thian ទីក្រុងបាងកក សមត្ថកិច្ចបានរកឃើញទំនិញប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍អគ្គិសនីជាង ៦៥ម៉ឺនមុខ ដែលមិនស្របតាមស្តង់ដារ គ្មានស្លាកសញ្ញាធានាគុណភាព សុវត្ថិភាព ឬប្រើស្លាកក្លែងក្លាយ។ នាយកដ្ឋានស៊ើបអង្កេតពិសេសថៃបានបន្ថែមថា ឃ្លាំងទាំងពីរនេះអាចជាប់ពាក់ព័ន្ធនឹងបណ្តាញរត់ពន្ធទំនិញទ្រង់ទ្រាយធំ ដូច្នេះនឹងពង្រីកការស៊ើបអង្កេតដើម្បីកម្ទេចបណ្តាញនេះឱ្យអស់។

លើសពីនេះ សមត្ថកិច្ចថៃក៏បានត្រួតពិនិត្យផ្សារទំនើប Heng Heng ក្នុងសង្កាត់ Samphanthawong និងរកឃើញទំនិញជាង ៥ម៉ឺនមុខ (រួមមានថ្នាំ គ្រឿងសម្អាង និងឱសថបុរាណ) នាំចូលពីប្រទេសចិន ប៉ុន្តែគ្មានឯកសារស្របច្បាប់។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃ លោក Akanat Promphan បានសង្កត់ធ្ងន់ថា ទំនិញគុណភាពទាបបង្កហានិភ័យដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ព្រមទាំងប៉ះពាល់អវិជ្ជមានដល់ការប្រកួតប្រជែងដោយស្មើភាពនៅលើទីផ្សារ។ ដូច្នេះ សមត្ថកិច្ចថៃនឹងបន្តជំរុញយុទ្ធនាការបង្ក្រាបទំនិញខុសច្បាប់ និងគុណភាពទាបនៅពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង