លោក Trump សន្យាបណ្តេញជនអនាថាគ្មានផ្ទះសម្បែង ទៅរស់នៅឲ្យឆ្ងាយពីរដ្ឋធានីវ៉ាស៊ីនតោន
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា ជនអនាថាគ្មានផ្ទះសម្បែងនឹងត្រូវចាប់បញ្ជូនទៅរស់នៅឱ្យឆ្ងាយពីរដ្ឋធានីវ៉ាស៊ីនតោន រីឯពួកឧក្រិដ្ឋជននឹងត្រូវចាប់ញោតគុក ស្របពេលដែលមេដឹកនាំអាមេរិករូបនេះបានអះអាងទាំងដែលគ្មានភស្តុតាងថា ឧក្រិដ្ឋកម្មកំពុងកើនឡើង។
សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី១១ ខែសីហាថា មហាសេដ្ឋីមកពីគណបក្សសាធារណរដ្ឋរូបនេះ ត្រូវបានគេរំពឹងថា នឹងធ្វើការប្រកាសក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទនេះ ដើម្បីបង្ហាញពីផែនការរបស់លោកសម្រាប់ទីក្រុងវ៉ាស៊ីនតោន ដែលគ្រប់គ្រងដោយរដ្ឋាភិបាលជាប់ឆ្នោតនៃសង្កាត់ Columbia ស្ថិតក្រោមការត្រួតពិនិត្យរបស់សភា។
វាគឺជាការរៀបចំដែលលោកប្រធានាធិបតី Trump បានអត់ទ្រាំជាយូរមកហើយ។ មេដឹកនាំអាមេរិករូបនេះ បានគំរាមបង្កើតសហព័ន្ធនៅទីក្រុង និងផ្តល់ឱ្យសេតវិមាននូវការថ្លែងចុងក្រោយអំពីរបៀបដែលត្រូវដំណើរការ។
លោក Trump មានវ័យ៧៩ឆ្នាំរូបនេះ បានសរសេរសារបង្ហោះលើវេទិកាសង្គម Truth Social កាលពីថ្ងៃអាទិត្យថា ខ្ញុំនឹងធ្វើឱ្យរដ្ឋធានីរបស់យើងកាន់តែមានសុវត្ថិភាព និងស្រស់ស្អាតជាងពេលមុន។ ជនអនាថាគ្មានផ្ទះសម្បែងត្រូវតែចាប់បញ្ជូនចេញជាបន្ទាន់។ យើងនឹងផ្តល់ឱ្យអ្នកទាំងនោះនូវកន្លែងស្នាក់នៅ ប៉ុន្តែនៅឆ្ងាយពីរដ្ឋធានី ហើយឧក្រិដ្ឋជននៅក្នុងទីក្រុងនឹងត្រូវចាប់ញោតគុកភ្លាមៗ។
គួរកត់សម្គាល់ រដ្ឋធានីវ៉ាស៊ីនតោនបានជាប់ចំណាត់ថ្នាក់ទី១៥ នៅក្នុងបញ្ជីទីក្រុងធំៗរបស់សហរដ្ឋអាមេរិក ជាកន្លែងមានចំនួនជនអនាថាគ្មានផ្ទះសម្បែងច្រើនជាងគេ នេះបើយោងតាមស្ថិតិរបស់រដ្ឋាភិបាលកាលពីឆ្នាំមុន។
ស្របពេលដែលមនុស្សរាប់ពាន់នាក់ចំណាយពេលយប់រស់នៅក្នុងទីជម្រក ឬនៅតាមដងផ្លូវ, តួលេខនេះបានធ្លាក់ចុះ បើធៀបនឹងកម្រិតមុនជំងឺរាតត្បាត។ យោងតាមស្ថិតិប៉ូលិសបានបង្ហាញថា ឧក្រិដ្ឋកម្មហិង្សាក្នុងរដ្ឋធានីបានធ្លាក់ចុះចំនួន ២៦ភាគរយ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ បើធៀបនឹងឆ្នាំមុន។
យោងតាមតួលេខរបស់ក្រសួងយុត្តិធម៌អាមេរិកបានឱ្យដឹងថា មុនពេលលោកប្រធានាធិបតី Trump ចូលកាន់តំណែង អត្រាឧក្រិដ្ឋកម្មរបស់ទីក្រុងក្នុងឆ្នាំ២០២៤ គឺជាចំនួនទាបបំផុតក្នុងពេលបីទសវត្សរ៍។ យ៉ាងណា លោកប្រធានាធិបតី Trump នាពេលថ្មីៗនេះបានគំរាមដាក់ពង្រាយឆ្មាំជាតិ ជាផ្នែកមួយនៃការបង្រ្កាបនូវអ្វីដែលលោកបាននិយាយដោយគ្មានភស្តុតាងថា ជាឧក្រិដ្ឋកម្មកំពុងកើនឡើងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕
ប្រភព ៖ Channel News Asia