កម្ពុជា នឹងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ៤កន្លែងជាប់វៀតណាម ក្រោមគម្រោង 3CEP
ភ្នំពេញ៖ កម្ពុជា នឹងសាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិចំនួន៤កន្លែង ដែលជាប់ប្រទេសវៀតណាម ក្រោមក្របខ័ណ្ឌគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន(3CEP)។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថានីយច្រកទ្វារព្រំដែនដែលត្រូវសាងសង់នោះ គឺមាននៅត្រពាំងស្រែ ខេត្តក្រចេះ, ភ្នំដិន ខេត្តតាកែវ, ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ និងច្រកព្រំដែនអូរយ៉ាដាវ ស្ថិតនៅខេត្តរតនគិរី។
ក្រសួងសាធារណការ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពី លទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងសម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិទាំង៤កន្លែងនេះ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។
ក្រសួងបានបញ្ជាក់ថា ការប្រជុំនេះ ធ្វើឡើងដើម្បីបូកសរុបលទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងសម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិទាំង៤កន្លែង ដោយក្រុមការងារចំពោះកិច្ចនៃគម្រោង 3CEP។ ជាពិសេស គឺរកការឯកភាព និងសម្រេចរួមគ្នាមួយ លើទីតាំងសាងសង់ស្ថានីយ(បឋម)ទាំង៤កន្លែង និងការធ្វើរបាយការណ៍រួម ស្ដីពីលទ្ធផលសិក្សាស្វែងរកទីតាំងបឋមនេះ ដើម្បីដាក់ស្នើសុំការពិនិត្យនិងសម្រេចពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ក្នុងការប្រជុំនេះ អ្នកជំនាញក៏បានរៀបចំគំនូសប្លង់វិស្វកម្មលម្អិត(DEDs) សំដៅពន្លឿនការងារអនុវត្តបន្តរបស់គម្រោង 3CEP ក្នុងដំណាក់កាលរៀបចំគម្រោង ឱ្យប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យទៅតាមផែនការដែលបានគ្រោងទុក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាធារណការ។
គួរជម្រាបថា ករអនុវត្តគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន(3CEP) នឹងប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)។ គម្រោងនេះ ត្រូវបានរំពឹងទុកថា នឹងជួយគាំទ្រដល់វិស័យដឹកជញ្ជូនក្នុងការពង្រឹងការតភ្ជាប់ និងជំរុញកំណើននៃរំហូរប្រតិបត្តិការដឹកញ្ជូនក្នុងតំបន់ភូមិភាគឦសាន និងឆ្លងកាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
បើតាមក្រសួងសាធារណការ គម្រោងនេះ ក៏នឹងជំរុញការតភ្ជាប់ និងធ្វើឱ្យប្រសើរឡើងស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិ(CBF) សម្រួលការដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ឆ្លងកាត់ព្រំដែនអន្តរជាតិ និងការតភ្ជាប់សេដ្ឋកិច្ចក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការក្នុងមហាអនុតំបន់មេគង្គ(GMS), កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម, ចូលរួមចំណែក អនុវត្តផែនការមេ អភិវឌ្ឍតំបន់ភូមិភាគឦសាន (ប៉ូលសេដ្ឋកិច្ចទី៥) និងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ៕