មហាកម្លាំងសាមគ្គីជាតិដ៏រឹងមាំរបស់ប្រជាពលរដ្ឋទាំងក្នុង និង ក្រៅប្រទេសកំពុងឈរយ៉ាងរឹងមាំការពារទឹកដី និងកំចាត់រាល់សង្រ្គាមចិត្តសាស្រ្ត និងកលល្បិចអាក្រក់នានារបស់សៀម
(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជាបានថ្លែងថា ៖ កម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំនៅតែរក្សាបានដោយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបន្តជ្រោងទង់ជាតិខ្មែរ ហើយបញ្ចេញសម្លេងកងរំពងដើម្បីការពារអធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី ។
ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជុំវិញ មហាកម្លាំងសាមគ្គីជាតិដ៏រឹងមាំរបស់ប្រជាពលរដ្ឋទាំងក្នុង និង ក្រៅប្រទេសនាពេលនេះដែរគឺបានទទួលការកោតសរសើរយ៉ាងក្រៃលែង ចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជា ដែលឈរជើងយ៉ាងរឹងមាំ ក្នុងកិច្ចការពារបូរណភាពទឹកដី ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបានគូសបញ្ជាក់បន្ថែមថា មហាសាមគ្គីភាពជាតិ និង ឯកភាពជាតិដ៏ រឹងមាំទាំងនេះ កើតចេញពីស្មារតីស្នេហាជាតិពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ បានធ្វើឱ្យសង្រ្គាមចិត្តសាស្រ្ត កលល្បិចប្រើប្រាស់ព័ត៌មានក្លែងក្លាយនានាដែលមានគោលដៅបំបាក់ ស្មារតីកូនខ្មែរគ្មានឥទ្ធិពល និងសាបរលាបអស់ទៅវិញ៕