ឯកឧត្តម គួច ចំរើន អភិបាលខេត្តចុះពិនិត្យមើលក្រុមការងារបច្ចេកទេសសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងជំរុញការសាងសង់ឱ្យរួចរាល់មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ របស់សិស្សនាពេលខាងមុខនេះនៅមុខមណ្ឌលប្រឡង ដែលតែងតែរងការជនលិចជារៀងរាល់ឆ្នាំ

(ខេត្តកណ្តាល)៖ នៅថ្ងៃអាទិត្យ ១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះធ្វើការត្រួតពិនិត្យមើលវឌ្ឍនភាពគម្រោងដាក់លូ រំដោះទឹកភ្លៀង នៅតាមបណ្តោយផ្លូវលេខ១០៨ និងផ្លូវជាតិលេខ២១អា នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ ខណៈនោះឯកឧត្តម ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេសដែលកំពង់ធ្វើការសាងសង់ប្រព័ន្ធលូនេះ ត្រូវ ពន្លឿនការសាងសង់ឱ្យរួចរាល់មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ របស់សិស្ស ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីជួយរំដោះទឹកភ្លៀង មិនឱ្យជនលិចនៅមណ្ឌលប្រឡង ដែលបង្កឱ្យមានការលំបាក ប៉ះពាល់ដល់អារម្មណ៍ របស់សិស្សានុសិស្សដែលត្រូវមកប្រលង។

ឯកឧត្តមអភិបាលខេត្ត បានបន្តឲ្យដឹងថាៈជារៀងរាល់ឆ្នាំតំបន់នេះ ឲ្យតែក្នុងរដូវវស្សាម្ដងៗ តែងតែរងនូវការជនលិចដោយសារទឹកភ្លៀង ជាពិសេសវិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងវិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលជាមណ្ឌលប្រលងសញ្ញាបត្រមធ្យមទុតិយភូមិ តែងតែមានការជនលិច និងបង្កផលវិបាកដល់សិស្សានុសិស្សពេលប្រឡងម្តងៗ និងធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នេះជួបការលំបាកក្នុងការធ្វើដំណើរ និងមានភ្លៀងខ្លាំងម្ដងៗធ្វើឲ្យខូចខាតសម្ភារៈរបស់គាត់ផងដែរ ដូច្នេះក្រុមការងារបច្ចេកទេសត្រូវអនុវត្តគម្រោង សាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងឲ្យលឿននឹងត្រូវរួចរាល់មុនការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតែម្តងប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យប្រព័ន្ធលូរំដោះទឹកភ្លៀងនេះសម្រាបបញ្ជៀសការជនលិច និងកាត់បន្ថយការលំបាករបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតំបន់នេះ។ ឯកឧត្តមអភិបាលខេត្ត ក៏បានសូមសំណូមពរ ឲ្យមានការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅ ក៏ដូចជាប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ ក្នុងដំឡុងពេលអនុវត្តគម្រោងនេះដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការប្រកមុខរបរចិញ្ចឹមជីវិត ឬបង្ករការរំខានដល់ការរស់នៅ នូវពេលគម្រោងនេះអនុវត្តរួចរាល់ តំបន់នេះអាចនឹងជៀសផុតការជនលិចទៀតហើយ។

សូមបញ្ជាក់ថាៈ ក្រុមការងារអនុវត្តគម្រោងលូរំដោះទឹកភ្លៀងនេះ មានប្រវែង៧៩០ម៉ែត្រ ដោយបានដាក់លូជ្រុងទំហំ ២ម៉ែត្រ x២ម៉ែត្រ មានសមត្ថភាពអាចរំដោះទឹកភ្លៀងបានពី ៥០០០ម៉ែត្រគូប ទៅ៦០០០ម៉ែត្រគូប ក្នុង១ម៉ោង ផងដែរ។

អត្ថបទដែលជាប់ទាក់ទង