លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤:២០ នាទី រសៀលនេះ កងកម្លាំងយោធារបស់ថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅភូមិជោគជ័យធ្វើការទប់ស្កាត់យ៉ាងខ្លាំងទើបកងកម្លាំងរបស់ថៃយកបន្លាលួសនោះត្រឡប់ទៅវិញ។
កម្ពុជាស្នើឱ្យភាគីថៃគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងជាពិសេសស្មារតីនៃកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការមិនពង្រីកភូមិសាស្ត្រ នៃជម្លោះ និងជៀសវាងទង្វើដែលនាំទៅដល់ការកើនឡើងនៃភាពតានតឹង។ កម្ពុជាបញ្ជាក់ថា រាល់ទំនាស់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនត្រូវយកទៅដោះស្រាយដោយគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ (MOU 2000)។