គម្រោងកែលម្អក្រុងបាត់ដំបង និងទីតាំងទេសចរណ៍សំខាន់ៗ ទំនងរួចរាល់នៅចុងឆ្នាំនេះ
ភ្នំពេញ៖ គម្រោងកែលម្អក្រុងបាត់ដំបង និងទីតាំងទេសចរណ៍សំខាន់ៗ ដូចជា សួនសិល្បៈ ផ្លូវថ្មើរជើង សួនតេជោសន្តិភាព និងការតុបតែងតំបន់រមណីដ្ឋានភ្នំសំពៅ អាចនឹងរួចរាល់នៅចុងឆ្នាំ ២០២៥នេះ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នាថ្ងៃទី៥ ខែកញ្ញានេះថា អាជ្ញាធរខេត្តបាត់ដំបង កំពុងកែលម្អទីក្រុងបាត់ដំបង និងទីតាំងសំខាន់ៗមួយចំនួនទៀត ដូចជា ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ, ការចំតុបតែងលម្អតំបន់រមណីដ្ឋានភ្នំសំពៅ ស្រុកបាណន់។ ទន្ទឹមនោះ ខេត្តក៏ពិភាក្សាលម្អិតបន្ថែមលើគម្រោងស្ថាបនា សួនតេជោសន្តិភាពក្រុងបាត់ដំបង, រៀបចំសួនសិល្បៈ, ផ្លូវថ្មើរជើង, ផ្លូវជិះកង់, ចំណតយានយន្ត និងគម្រោងតូចធំៗជាច្រើនផងដែរ។
គម្រោងទាំងនេះ អាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៥នេះ ឬពាក់កណ្ដាលឆ្នាំ២០២៦។ នេះជាការវាយតម្លៃរបស់ លោក សុខ លូ ដោយសង្ឃឹមថា គម្រោងនេះ នឹងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពពលរដ្ឋ និងបង្កើនការទាក់ទាញភ្ញៀវទេសចរ លើកស្ទួយជីវភាពពលរដ្ឋខេត្តបាត់ដំបង។
លោក ប្រាប់ដូច្នេះថា៖«គម្រោងទាំងអស់ នឹងជួយទាក់ទាញភ្ញៀវទេសចរឱ្យលេងខេត្តបាត់ដំបងកាន់តែច្រើនថែមទៀត និងបម្រើដល់សុខុមាលពលរដ្ឋយើង។ជារួមបងប្អូនក្នុងខេត្តបាត់ដំបង នឹងទទួលបានផលប្រយោជន៍ពីគម្រោងនេះច្រើន»។
ខេត្តបាត់ដំបង ជាខេត្តមួយដ៏សម្បូរបែបផ្នែកស្ថាបត្យកម្ម និងជាគោលដៅសិក្សាស្រាវជ្រាវមួយ ដ៏ពេញនិយមសម្រាប់សិស្សនិសិ្សត។ ខេត្តនេះមានសំណង់ប្រាសាទបុរាណ និងវត្តអារាមចាស់ៗ រួមទាំងអគារសម័យបារាំង ដែលមានរចនាបថផ្សេងគ្នាជាច្រើនកន្លែង។ ក្រៅពីនេះ ទីតាំងប្រវត្តិសាស្រ្ត តំបន់ទេសចរណ៍ធម្មជាតិ ម្ហូបអាហារ ក៏ជាគោលដៅទាក់ទាញដ៏សំខាន់ សម្រាប់ខេត្តភាគពាយព្យនៃប្រទេសកម្ពុជានេះផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រុងបាត់ដំបង ត្រូវបានចុះបញ្ជីជាបណ្ដាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារចំណោម ៥៥ប្រទេស៕