ម៉ាឡេស៊ីគំរាម TikTok ឲ្យចាត់វិធានការពិនិត្យអាយុអ្នកប្រើប្រាស់ ទប់ស្កាត់Deepfake និងអំពើបៀតបៀន
រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី បានទាមទារទៅកាន់បណ្តាញសង្គម TikTok ឲ្យរឹតបន្តឹងនូវវិធានការ ដើម្បីត្រួតពិនិត្យអាយុរបស់អ្នកប្រើប្រាស់ និងទប់ស្កាត់ការប្រើប្រាស់បច្ចេកវិទ្យា Deepfake ឆបោកមនុស្ស។ ពុំនោះទេបណ្តាញសង្គមនេះ នឹងរងនូវទណ្ឌកម្ម។ ផ្អែកតាមក្រសួង ទូរគមនាគមន៍ម៉ាឡេស៊ី មួយរយៈចុងក្រោយនេះ គឺមានផ្ទុះឡើងនូវករណីបៀតបៀន តាមបណ្តាញសង្គម ដែលមានជងរងគ្រោះជាអនិតីជន ព្រមទាំងអំពើឆបោកអនឡាញ ជាច្រើនករណីផ្សេងទៀត។
អំពើឆបោក និងការបៀតបៀនតាមអនឡាញ បានស្ទុះកើតឡើងច្រើនករណី នៅលើបណ្តាញសង្គមនៅម៉ាឡេស៊ី ជាពិសេសគឺលើបណ្ដាញ TikTok និងបណ្តាញFacebook។ នេះបើផ្អែកតាមការអះអាង របស់លោក Fahmi Fadzil រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី៤កញ្ញា។ អំពើឆបោកអនឡាញ ដោយប្រើប្រាស់បច្ចេកវិទ្យា Deepfake បាននិងកំពុងបង្កឲ្យមានជនរងគ្រោះជាច្រើននាក់ នៅតាមបណ្តាញសង្គមពេញនិយមទាំង២នេះ។
ថ្លែងនៅក្នុងសន្និសីទកាសែតមួយ នៅទីក្រុងគូឡាឡាំពួរ លោករដ្ឋមន្ត្រីទូរគមនាគមន៍ម៉ាឡេស៊ីបានលើកឡើងថា តាមធម្មតាបណ្តាញសង្គម TikTok អះអាងថាកុមារអាយុក្រោម១៣ឆ្នាំ គឺមិនអនុញ្ញាតឲ្យបើកគណនី TikTok បានឡើយ។ ក៏ប៉ុន្តែការពិតជាក់ស្តែង គឺនៅតែមានក្មេងអាយុក្រោម១៣ឆ្នាំ លេងTikTokដដែល។ មានន័យថា បណ្តាញសង្គមTikTok បានធ្វើព្រងើយកន្តើយ មិនអនុវត្តវិធានការពារក្មេងក្រោមអាយុ ដូចដែលខ្លួនបានសន្យាឡើយ។ ប្រឈមនឹងបញ្ហានេះ រដ្ឋាភិបាលម៉ាឡេស៊ី ទាមទារទៅកាន់បណ្តាញTikTok ត្រូវតែចាត់វិធានការកែតម្រូវជាបន្ទាន់ ពុំនោះទេនឹងរងទណ្ឌកម្មពីអាជ្ញាធរម៉ាឡេស៊ី។
លោករដ្ឋមន្ត្រីម៉ាឡេស៊ី បានអះអាងទៀតថា ត្រូវតែមានយន្តការបច្ចេកវិទ្យា ដើម្បីផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់ TikTok។ លោកបានបញ្ជាក់ទៀត ក្រុមហ៊ុន TikTok ត្រូវតែសហការដោះស្រាយបញ្ហានេះ ជាមួយគណៈកម្មការទូរគមនាគមន៍ និងប្រព័ន្ធបច្ចេកវិទ្យាម៉ាឡេស៊ី MCMC ព្រមទាំងសមត្ថកិច្ចនគរបាលម៉ាឡេស៊ី។
សូមបញ្ជាក់ថា មុននឹងធ្វើសន្និសីទកាសែតខាងលើ គឺលោករដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ម៉ាឡេស៊ី បានទៅជួបតំណាងរបស់ក្រុមហ៊ុន TikTok នៅឯអគ្គស្នងការដ្ឋាននគរបាលម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួរ ដើម្បីនិយាយអំពីបញ្ហាអំពើឆបោក និងករណីបទល្មើសបៀតបៀន នៅលើបណ្តាញសង្គមនេះ។ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានទាក់ទងទៅកាន់ក្រុមហ៊ុន TikTok សុំការបំភ្លឺជុំវិញរឿងនេះ តែមិនបានទទួលចម្លើយវិជ្ជមានទេ។
គួរបញ្ជាក់ដែរថា នៅម៉ាឡេស៊ី ច្បាប់ថ្មីមួយនឹងចូលជាធរមានចាប់ពីខែតុលាទៅ ដើម្បីពង្រឹងសន្តិសុខតាមបណ្តាញអនឡាញ និងជាពិសេសគឺដើម្បីការពារកុមារ អនីតិជន ដែលប្រឈមគ្រោះថ្នាក់បំផុតនៅតាមបណ្តាញសង្គម។ ផ្អែកតាមអង្គការ Unicef ម៉ាឡេស៊ី ជាប្រទេសស្ថិតនៅលំដាប់ទី៥ នៃពិភពលោក ដែលសម្បូរករណីបៀតបៀនតាមអនឡាញ និងស្ថិតនៅលេខរៀងលំដាប់ទី២ប្រចាំទ្វីបអាស៊ី បន្ទាប់ពីចិន។
គួរកត់សម្គាល់ថា បណ្តាញសង្គម TikTok ដែលសម្បូរទៅដោយរូបភាពវីដេអូ លេងសើចឡិកឡក់ឥតបានការ កំពុងតែធ្វើអាជ្ញាធរប្រទេសជាច្រើនមានការព្រួយបារម្ភ ព្រោះវាគឺជាការគំរាមដ៏គ្រោះថ្នាក់ មកលើសតិអារម្មណ៍របស់មនុស្សងាយរងគ្រោះ ជាពិសេសគឺក្មេងៗ មិនទាន់គ្រប់អាយុ។ អាណាព្យាបាលខ្លះ ដោយខ្វះការពិចារណា បានថែមទាំងយកកូនរបស់ខ្លួន ទៅថតវីដេអូលេងសើច ឬជំរុញលើកទឹកចិត្តឲ្យកូនលេងTikTok ថែមទៀតផង ដោយមិនខ្វល់ពីហានិភ័យ ឬផលប៉ះពាល់ពាល់ទៅថ្ងៃក្រោយពេលកូនធំដឹងក្តី។ នៅបារាំង គណៈកម្មការសភាបានអង្កេតស្រាវជ្រាវ រយៈពេល៦ខែ ជាមួយអ្នកជំនាញជាច្រើននាក់ ដើម្បីសន្និដ្ឋានចេញជារបាយការណ៍មួយ ដែលបញ្ជាក់ពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ មកលើសុខភាពផ្លូវចិត្ត សតិវិញ្ញាណរបស់កុមារ ដោយសារតែបណ្តាញ TikTok៕