នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba ប្រកាសលាលែងពីតំណែងជាផ្លូវការ
(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានប្រកាសលាលែងចេញពីតំណែងជាផ្លូវការ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា បន្ទាប់ពីបានឡើងកាន់អំណាចដឹកនាំប្រទេសមិនទាន់ បានមួយឆ្នាំស្រួលបួលផង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប៉ុន្មានម៉ោងមុននឹងលោក Ishiba ប្រកាសលាលែងចេញពីតំណែង សារព័ត៌មានជប៉ុន NHK នៅថ្ងៃអាទិត្យនេះដែរ បានឱ្យដឹងថាលោក Ishiba មានគម្រោងលាលែងពីតំណែងដើម្បី បញ្ចៀសការបែកបាក់គ្នាផ្ទៃក្នុងនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចសព្វថ្ងៃរបស់លោក ខណៈសារព័ត៌មានជប៉ុន Asahi Shimbun បាននិយាយថា លោកនាយករដ្ឋមន្ត្រីជប៉ុនមិនអាចទ្រាំទ្រតទៅទៀតនឹងការអំពាវនាវឱ្យលោកចុះចេញពីតំណែង។ ថ្លែងនៅឯសន្និសីទសារព័ត៌មាន លោក Ishiba បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំបានសម្រេចចិត្តថានឹងលាលែងចេញពីតំណែងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP)»។ លោកបន្ថែមនឹងបន្តបំពេញភារកិច្ច រហូតទាល់តែមាននាយករដ្ឋមន្ត្រីថ្មី ឡើងកាន់តំណែងជំនួសរូបលោក។
តាម NHK សមាជិករដ្ឋសភាមកពីគណបក្ស LDP គ្រោងនឹងធ្វើការបោះឆ្នោតនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះស្ដីពីការរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន។
គួរបញ្ជាក់ថា ការលាលែងចេញពីតំណែងរបស់លោក Ishiba ធ្វើឡើងបន្ទាប់ពីក្រុមចម្រុះដឹកនាំដោយគណបក្ស LDP របស់លោកបានបរាជ័យដោយបាត់បង់សំឡេងភាគច្រើន ក្នុងការបោះឆ្នោតព្រឹទ្ធសភាកាលពីខែកក្កដា ហើយចាប់តាំងពីពេលនោះមក ការអំពាវនាវឱ្យរូបលោកចុះចេញពីតំណែងបានកើនឡើងក្នុងផ្ទៃក្នុងបក្ស LDP។
មុនចុះចេញពីតំណែង លោក Ishiba ទើបតែបង្ហើយសេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន ដែលនៅក្រោមកិច្ចព្រមព្រៀងនេះ ជប៉ុនសន្យាថា នឹងវិនិយោគក្នុងទំហំទឹកប្រាក់ ៥៥០ពាន់លានដុល្លារ ជាថ្នូរទៅនឹងការបញ្ចុះពន្ធគយបដិការពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាពិសេសគឺវិស័យរថយន្ដជប៉ុន៕