ការបញ្ចុះពន្ធអាមេរិកសម្រាប់ជប៉ុន នឹងចូលជាធរមាននៅសប្តាហ៍ក្រោយ
(តូក្យូ)៖ ប្រធានអ្នកចរចាពន្ធរបស់ជប៉ុន លោក Ryosei Akazawa បានឱ្យដឹងថា ពន្ធគយអាមេរិកលើទំនិញជប៉ុន រួមទាំងពន្ធលើរថយន្តអូតូ និងគ្រឿងបន្លាស់ ត្រូវបានកំណត់ថានឹងកាត់បន្ថយ នៅថ្ងៃទី១៦ ខែកញ្ញាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥។
ដោយលើកឡើងពីឯកសារចុះបញ្ជីសហព័ន្ធអាមេរិក ចុះថ្ងៃទី៩ ខែកញ្ញា ដែលមានន័យថាបទបញ្ជាប្រតិបត្តិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ជប៉ុនក្លាយជាផ្លូវការ លោក Akazawa និយាយថា អត្រាពន្ធដែលបានកែសម្រួលលើទំនិញជប៉ុន នឹងចូលជាធរមានក្នុងរយៈពេល ៧ថ្ងៃក្រោយការបញ្ចេញជាសាធារណៈ។
ការចុះហត្ថលេខារបស់លោក ត្រាំ កាលពីសប្តាហ៍មុន បានជម្រះភាពមិនប្រាកដប្រជា ជុំវិញពេលវេលាជាក់លាក់ ដែលថាសហរដ្ឋអាមេរិកនឹងអនុវត្តអត្រាពន្ធទាបត្រឹម ១៥ភាគរយលើរថយន្តជប៉ុន និងច្រើនជាង ១ខែបន្ទាប់ពីប្រទេសទាំងពីរ ឈានដល់កិច្ចព្រមព្រៀងនៅក្នុងខែកក្កដា៕