អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពចំណេះដឹងទេសចរណ៍បេតិកភណ្ឌជាតិ

(សៀមរាប​)៖ តាមរយៈកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានបើកវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពចំណេះដឹងទេសចរណ៍បេតិកភណ្ឌជាតិ ដោយផ្តោតលើការងារអភិរក្សនិងបេតិកភណ្ឌវប្បធម៌ ជាផលិតផលទេសចរណ៍ដល់សិក្ខាម ជាមន្ត្រី បុគ្គលិក និងភ្នាក់ងារនៃអាជ្ញាធរជាតិអប្សរា។

ពិធីបើកវគ្គបណ្តុះបណ្តាល ដោយមានការអញ្ជើញចូលរួមពីលោក ឡុង កុសល អគ្គនាយករង តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Kim Hyunsung (គីម យន់សុង) តំណាងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ។

លោក ឡុង កុសល បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះមានការជួយគាំទ្រទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ហើយនេះជាលើកទី២ដែរ។ តាមរយៈផលលទ្ធនៃវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារនិងទទួលបាននូវការស្វែងយល់ផ្សេងៗអំពីបទពិសោធន៍ដែលមិត្តកូរ៉េនឹងចែករំលែក ជាពិសេសការបង្ហាញនូវគុណតម្លៃរបស់បេតិកភណ្ឌអរូបី និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ។

លោកអគ្គនាយករងបន្តថា សិក្ខាកាមនឹងទទួលបានចំណេះដឹងនេះដើម្បីយកទៅអនុវត្តន៍ក្នុងន័យពង្រឹងសមត្ថភាពនិងគុណភាពឧស្សាហកម្មទេសចរណ៍ក្នុងខេត្តសៀមរាបទាំងមូល។

លោក Kim Hyunsung បានថ្លែងថា ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ មានក្តីសោមនស្សរីករាយ ចំពោះកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីអភិរក្ស កែច្នៃផលិតផលទេសចរណ៍ ក៏ដូចជាអភិវឌ្ឍន៍ទេសចរណ៍បែបថ្មីជាមួយគ្នា។

លោកថា វគ្គបណ្តុះបណ្តាលនេះ មានការចុះធ្វើទស្សនកិច្ចរួមគ្នា ធ្វើបទបង្ហាញរួមគ្នា ក្នុងគោលដៅ កែច្នៃ អភិវឌ្ឍន៍ និងភាពទាក់ទាញនៅក្នុងតំបន់ទេសចរណ៍នៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង