ក្រុមប្រឹក្សាសន្តិសុខ UN នឹងកោះប្រជុំបន្ទាន់នៅថ្ងៃពុធសប្តាហ៍នេះ ជុំវិញការវាយប្រហាររបស់អ៉ីស្រាអែលលើទឹកដីប្រទេសកាតា

(យូអិន)៖ ប្រភពការទូតបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) នឹងកោះប្រជុំបន្ទាន់មួយ នាថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្លើយតបការវាយប្រហាររបស់អ៉ីស្រាអែល ដែលបានកំណត់គោលដៅលើ​មន្រ្តីរបស់ក្រុមហាម៉ាស នៅក្នុងទឹកដីប្រទេសកាតា។

ប្រភពខាងលើ បាននិយាយថា កិច្ចប្រជុំបន្ទាន់នោះ ត្រូវបានគ្រោងធ្វើឡើងនាម៉ោង៣រសៀលថ្ងៃពុធ (ពេលវេលាក្នុងតំបន់) នៅទីក្រុង New York របស់សហរដ្ឋអាមេរិក ក្រោយមានការស្នើពីសំណាក់អាល់ហ្សេរីនិងប៉ាគីស្ថាន ក្នុងចំណោមប្រទេសមួយចំនួនផ្សេងទៀត។

អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសមួយលើទឹកដីកាតា កាលពីថ្ងៃអង្គារ ក្នុងគោលដៅតាមសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស។ ការវាយប្រហារនេះ រងការថ្កោលទោសពី បណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងប្រទេសផ្សេងទៀតថា ជាសកម្មភាពដែលអាចបង្កើនជម្លោះក្នុងតំបន់ ដែលកំពុងចលាចលរួចជាស្រេចទៅហើយ។ កាតាវិញបានចាត់ទុកការវាយប្រហាររបស់ អ៉ីស្រាអែលជាទង្វើកំសាក និងថោកទាបបំផុត។

គួរបញ្ជាក់ថា ក្រុមហាម៉ាសបានអះអាងថាសមាជិករបស់ខ្លួន៥នាក់ ក្នុងនោះរួមមានទាំងកូនប្រុសរបស់មេដឹកនាំហាម៉ាស លោក Khalil al-Hayya​ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់ អ៉ីស្រាអែលក្នុងទីក្រុងដូហា ប្រទេសកាតា។ ក្រោយការវាយប្រហារនេះដែរ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបើកកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល និងមេដឹកនាំកាតា ដោយធានាចំពោះមេដឹកនាំកាតា ថាការវាយប្រហាររបៀបនេះនឹងមិនកើតឡើងជាថ្មីទេ ហើយថារូបលោកមិនសប្បាយចិត្តទាល់តែសោះ ចំពោះការវាយប្រហាររបស់អ៉ីស្រាអែល៕

អត្ថបទដែលជាប់ទាក់ទង