ភរិយាអតីតនាយករដ្ឋមន្រ្តីនេប៉ាល់ស្លាប់ ក្រោយផ្ទះត្រូវបានដុតដោយក្រុមបាតុករ ខណៈរដ្ឋមន្រ្តីហិរញ្ញវត្ថុត្រូវបានគេដេញវាយទាត់ធាក់តាមដងផ្លូវយ៉ាងព្រៃផ្សៃ

(នេប៉ាល់)៖ ភរិយារបស់អតីតនាយករដ្ឋមន្រ្តីនេប៉ាល់ លោកស្រី Rajyalaxmi Chitrakar ត្រូវបានស្លាប់ដោយសារការភ្លើងឆាបឆេះ ក្រោយផ្ទះត្រូវបានដុតដោយក្រុមបាតុករ ចំណែករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនេប៉ាល់ លោក Bishnu Prasad Paudel វ័យ៦៥ឆ្នាំវិញ ត្រូវបានក្រុមបាតុករដេញតាមវាយប្រហារនៅតាមដងផ្លូវយ៉ាងអាណាធិបតេយ្យ។

វីដេអូឃ្លីបមួយបានបង្ហាញឱ្យឃើញថា លោកត្រូវបានគេវាយទាត់ធាក់យ៉ាងព្រៃផ្សៃ។ ហេតុការណ៍ទាំងនេះបានកើតឡើងក្នុងរដ្ឋធានី Kathmandu ប្រទេសនេប៉ាល់។

សូមជំរាបថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ទាហានប្រដាប់អាវុធនេប៉ាល់ បាននឹងកំពុងយាមកាមនៅសភាជាតិ ខណៈតាមដងផ្លូវមានសភាពស្ងប់ស្ងាត់ ដោយសារបម្រាមគោចរមិនកំណត់ពេលក្នុងរដ្ឋធានី Kathmandu ត្រូវបានដាក់ចេញ ក្រោយការតវ៉ាប្រឆាំងអំពើពុករលួយ ប្រែក្លាយជាអំពើហិង្សារយៈពេលពីរថ្ងៃ និងដែលបានជំរុញឱ្យនាយករដ្ឋមន្ត្រីលោក K.P. Sharma Oli លាលែងពីតំណែង។

រថពាសដែក ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវដែលគ្មានមនុស្សដើរ ខណៈដែលហាង និងផ្សារត្រូវបិទទ្វារ។ អ្នកនាំពាក្យកងទ័ព លោក Raja Ram Basnet បញ្ជាក់ថា «យើងកំពុងព្យាយាមធ្វើឱ្យស្ថានការណ៍ត្រឡប់ទៅមានលក្ខណៈធម្មតាជាមុនសិន។ យើងប្តេជ្ញាការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន»។

គួរបញ្ជាក់ថា ភាពចលាចលដ៏អាក្រក់បំផុតមិនធ្លាប់មានច្រើនទសវត្សរ៍នៅនេប៉ាល់បានកើតឡើង ដោយសារតែការប៉ុនប៉ងបិទប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីសប្តាហ៍មុន ប៉ុន្តែក្រោយមកបានបើកឡើងវិញ បន្ទាប់ពីមានមនុស្ស១៩នាក់ស្លាប់ កាលពីថ្ងៃចន្ទ ខណៈដែលប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីគ្រប់គ្រងហ្វូងមនុស្ស។ សំណល់រថយន្តឆេះ និងគំនរដែកនៅរាយប៉ាយពេញតំបន់ជុំវិញសភា ជាទីដែលក្រុមពន្លត់អគ្គីភ័យរបស់កងទ័ព ព្យាយមពន្លត់ភ្លើងឆេះដែលដុត ដោយក្រុមអ្នកតវ៉ាកាលពីថ្ងៃអង្គារ៕

អត្ថបទដែលជាប់ទាក់ទង