រឹបអូសជើងមាន់ក្លាសេ ២៣០ តោន តម្លៃសរុប ២០ លានបាត សង្ស័យមានផ្ទុកមេរោគប៉ះពាល់ដល់សុខភាពអ្នកបរិភោគ

នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ប៉ូលិស CIB សហការជាមួយនឹងនាយកដ្ឋានបសុសសត្វរបស់ថៃ បាននាំគ្នាចុះទៅបង្រ្កាបក្រុមហ៊ុនមួយកន្លែង ដោយរឹបអូសបានជើងមាន់ក្លាសេចំនួន ២៣០ តោន តម្លៃ ២០ លានបាត ដែលសង្ស័យថាអាចប៉ះពាល់សុខភាពអ្នកបរិភោគ។

តាមព័ត៌មានបានឱ្យដឹងថា ការបង្រ្កាបនេះបានធ្វើឡើងនៅក្នុងកំពង់ផែក្រុងបាងកក ខណ្ឌខ្លងទើយ ក្នុងនោះក្រុមប៉ូលិស និងនាយកដ្ឋានបសុសសត្វបានចុះទៅពិនិត្យ រកឃើញថាក្រុមហ៊ុននេះបាននាំចូល និងស្តុកទុកជើងមាន់ក្លាសេចំនួន ២៣០ តោនដោយខុសច្បាប់ ហើយសង្ស័យថាអាចមានផ្ទុកមេរោគផ្សេងៗដូចជាផ្តាសាយបក្សី និងមេរោគដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកបរិភោគទៀតផង។

ដោយឡែក អាជ្ញាធរបានរឹបអូសយកជើងមាន់ទាំងទាំងអស់ចំនួន ២៣០ តោននេះ ហើយក៏កំពុងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីកាត់ទោសអ្នកពាក់ព័ន្ធទាំងឡាយ។ លើសពីនេះទៅទៀត អាជ្ញាធរក៏បានដាស់តឿនប្រជាជនរបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នចំពោះការទិញ និងបរិភោគអាហារនាំចូលរបៀបនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង