ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ចុះទៅខេត្តព្រះវិហារ និងបន្ទាយមានជ័យ ដើម្បីពិនិត្យស្ថានភាពក្រោយបទឈប់បាញ់
នៅរសៀលថ្ងៃទី១១ ខែកញ្ញានេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចេញដំណើរពី ភ្នំពេញ ឆ្ពោះទៅទីស្នាក់ការប្រចាំនៅខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់។ បេសកកម្មនេះ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor ប្រធានបេសកកម្ម IOT (HOM) និងសមាជិក។ នេះបើតាមការផ្សាយរបស់ក្រសួងការពារជាតិ។
ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor និងក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) តំណាងពីប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន បានមកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា។ ក្រសួងការពារជាតិកម្ពុជា ចាត់ទុកថា វត្តមានរបស់ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)នេះ គឺជាការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសសមាជិកអាស៊ាន ជាពិសេសប្រទេសម៉ាឡេស៊ី ជាប្រធាន ដឹកនាំសម្របសម្រួល ការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រសួងការពារជាតិបន្ថែមដូច្នេះ៖ «ទាំងនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។»។
សូមរំឭកថា ការវិវឌ្ឍចុងក្រោយនៃស្ថានភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃនេះ គឺនៅថ្ងៃទី១០ ខែកញ្ញា ភាគីទាំងពីរបានព្រមព្រៀងកែសម្រួលយុទ្ធោបករណ៍ និងសម្ភារយោធា ក្រោមការតាមដានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)។ ការឯកភាពគ្នានេះ ធ្វើឡើងក្នុងកិច្ច ប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង ដែលភាគីកម្ពុជា ដឹកនាំដោយលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងភាគីថៃ ដឹកនាំដោយលោក ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ។
ក្នុងសន្និសីទកាសែតក្រោយបញ្ចប់កិច្ចប្រជុំ លោក ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ បានឱ្យដឹងទៀតថា ដើម្បីបន្ថយភាពតានតឹង និងធានាបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនាដោយសន្តិវិធី ភាគីទាំងពីរ ក៏ឯកភាពគ្នា បញ្ចៀសការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ការចោទប្រកាន់ និងការប្រើប្រាស់ពាក្យសម្តីញុះញង់។
លើសពីនេះ ភាគីទាំងពីរ ក៏ពិភាក្សាគ្នាអំពី ការជំរុញឱ្យមានការដោះលែងទាហានកម្ពុជា ឱ្យបានឆាប់តាមដែលអាចធ្វើបាន ក៏ដូចជាការពិចារណា លើការបើកច្រកព្រំដែនមួយចំនួន សម្រាប់ការដឹកជញ្ជូនទំនិញចាំបាច់ ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់។ ក្នុងកិច្ចប្រជុំ GBC ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១០ ខែកញ្ញានោះ ភាគីទាំងពីរ ក៏ ឯកភាពគ្នាលើការបង្កើតក្រុមការងារសម្របសម្រួលចម្រុះ ពាក់ព័ន្ធការងារដោះមីនមនុស្សធម៌ផងដែរ៕