ចិនចល័តនាវាផ្ទុកយន្តហោះចម្បាំងថ្មីបំផុតរបស់ខ្លួន ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់
(ប៉េកាំង)៖ នាថ្ងៃសុក្រ ទី១២ ខែកញ្ញា ចិនបានឱ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំងថ្មីចុងក្រោយបំផុតរបស់ខ្លួនឈ្មោះ Fujian បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីទៅធ្វើប្រតិបត្តិការហ្វឹកហ្វឺន នៅតំបន់សមុទ្រខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
ច្រកសមុទ្រតៃវ៉ាន់ គឺជាច្រកផ្លូវទឹកដ៏រសើបមួយ ដ្បិតវាស្ថិតនៅចន្លោះប្រទេសចិន និងកោះតៃវ៉ាន់។ អ្នកនាំពាក្យកងទ័ពជើងទឹកចិន បានលើកឡើងថា ការចល័តនិងហ្វឹកហ្វាត់របស់នាវាផ្ទុកយន្តហោះចម្បាំងខាងលើ គឺជារឿងធម្មតា ហើយមិនពុំមានគោលដៅលើភាគីណាមួយនោះទេ។ ប៉ុន្មានឆ្នាំមកនេះ ទីក្រុងប៉េកាំងបានចំណាយថវិការាប់ពាន់លានដុល្លារ ទៅក្នុងកិច្ចប្រឹងប្រែងធ្វើទំនើបកម្មយោធា ដែលជាសកម្មភាពមួយកំពុងធ្វើឱ្យប្រទេសជិតខាងមួយចំនួន នៅអាស៉ីបូព៌ា ហាក់មានការព្រួយបារម្ភ ប៉ុន្តែចិនអះអាងថា ទំនើបកម្មយោធានេះ គឺដើម្បីពង្រឹងវិស័យការពារជាតិ និងបម្រើគោលដៅសន្តិភាព។
គួរបញ្ជាក់ថា បច្ចុប្បន្នចិនមាននាវាផ្ទុកយន្តហោះចម្បាំងសរុប២គ្រឿង ដែលអាចបំពេញប្រតិបត្តិការបានជាផ្លូវការ នោះគឺ Liaoning និង Shandong ខណៈ Fujian ដែលជានាវាផ្ទុកយន្តហោះចម្បាំងគ្រឿងទី៣ និងថ្មីចុងក្រោយគេបង្អស់ កំពុងបន្តស្ថិតក្នុងដំណាក់កាលធ្វើតេស្តសាកល្បងនៅសមុទ្រ។ នាវា Liaoning ត្រូវបានដាក់ឱ្យធ្វើប្រតិបត្តិការផ្លូវការ កាលពីឆ្នាំ២០១២ រីឯនាវា Shandong គឺនៅឆ្នាំ២០១៩៕