រុស្ស៉ីនិងបេឡារុសហាត់សមបាញ់អាវុធនុយក្លេអ៊ែរ ដែលដាក់ពង្រាយនៅបេឡារុស អំឡុងសមយុទ្ធរួមទ្រង់ទ្រាយធំ
(មូស្គូ)៖ កាលពីថ្ងៃអង្គារ ទី១៦ ខែកញ្ញា ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយថា រុស្ស៉ីនិងបេឡារុស កំពុងធ្វើការហាត់សមបាញ់អាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៉ី អំឡុងសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Lukashenko បានបន្ថែមថា សមយុទ្ធខាងលើ ក៏រួមមានការហ្វឹកហាត់បាញ់មីស៉ីលល្បឿនលឿនជាងសំឡេង Oreshnik របស់រុស្ស៉ី ដែលទីក្រុងមូស្គូបានប្រើប្រាស់សាកល្បង កាលពីឆ្នាំមុនក្នុងសង្រ្គាមនៅអ៊ុយក្រែនផងដែរ។ ដោយឡែក អំឡុងពេលជួបជាមួយក្រុមមន្រ្តីយោធាជាន់ខ្ពស់ក្នុងថ្ងៃដដែល នៅតំបន់ Nizhny Novgorod នៃប្រទេសរុស្ស៉ី ជាទីដែលលំហាត់យោធាមួយចំនួន ត្រូវបានធ្វើឡើង ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានឱ្យដឹងថា កងទ័ពសរុបប្រមាណ១០០ ០០០នាក់ និងប្រហែល១០ ០០០បរិក្ខារយោធា បានចូលរួមក្នុងសមយុទ្ធ។
សមយុទ្ធហៅថា Zapad រវាងរុស្ស៉ីនិងបេឡារុស ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍មុន ដល់ថ្ងៃអង្គារសប្តាហ៍នេះ គឺត្រូវលោក ពូទីន អះអាងថា មានគោលដៅដើម្បីធានា នូវការការពារដោយឥតលក្ខខណ្ឌ ចំពោះអធិបតេយ្យនិងបូរណភាពទឹកដីនៃប្រទេសទាំងពីរ។ យ៉ាងណាមិញ ក្រុមអ្នកវិភាគយោធារបស់លោកខាងលិច បានយល់ឃើញថា សមយុទ្ធនេះគឺមានចេតនាកំញើញដាក់អឺរ៉ុប ហើយវាប្រព្រឹត្តទៅត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងរបស់អង្គការ NATO បាននិយាយថា ពួកគេបានបាញ់ទម្លាក់យន្តហោះដ្រូនសង្ស័យជារបស់រុស្ស៉ី ដែលបានបំពានចូលដែនអាកាសរបស់ប៉ូឡូញ។
គួរបញ្ជាក់ថា បេឡារុសដែលជាប្រទេសមានព្រំប្រទល់ នៅជាប់អ៊ុយក្រែន ព្រមទាំងសមាជិកចំនួន៣របស់ NATO នោះគឺប៉ូឡូញ លីទុយអានី និងឡេតូនី សព្វថ្ងៃមានដាក់ឈរជើង អាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៉ី ដែលស្ថិតក្រោមការបញ្ជានិងគ្រប់គ្រងរបស់ទីក្រុងមូស្គូផ្ទាល់៕