មហាអយ្យការអមតុលាការកំពូលកម្ពុជា ចូលរួមចុះហត្ថលេខាបង្កើតអង្គប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន (APAGM)
(ភ្នំពេញ)៖ មហាអយ្យការអមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខាលើ សេចក្តីប្រកាសសានូបាលី (Sanu Bali Declaration) ដែលបានធ្វើឡើងនៅថ្ងៃទី១៥-១៦ ខកញ្ញា ឆ្នាំ២០២៥ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ សេចក្ដីប្រកាសនេះបានបង្កើតជាផ្លូវការនូវអង្គប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន (APAGM) ជាស្ថាប័នថ្នាក់រដ្ឋមន្ត្រីតាមជំនាញតាមផ្នែករបស់អាស៊ាន (ASMB)។
ការវិវឌ្ឍន៍ស្ថាប័នដ៏សំខាន់នេះ គឺជាលទ្ធផលនៃកិច្ចពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាក់ក្នុង ចំណោមបណ្តារដ្ឋជាសមាជិកអាស៊ានអស់រយៈពេលជាច្រើនឆ្នាំ។ ជំហានគន្លឹះនេះគឺទទួលបានពីលទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាប ក្នុងឆ្នាំ២០២៤ ដែលក្នុងនោះបានឈានដល់ការព្រមព្រៀងជាឯកច្ឆ័ន្ទ លើការបង្កើតអង្គប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន (APAGM) និងការរៀបចំឯកសារគ្រឹះផ្សេងទៀតរួមមាន សេចក្តីប្រកាសស្តីពីការបង្កើត និង លក្ខខណ្ឌប្រតិបត្តិ (ToR)។