លោក ដូណាល់ ត្រាំ ចាត់ទុកចលនា Antifa ជាអង្គការភេរវករ ក្រោយការធ្វើឃាតលោក Charlie Kirk
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី១៧ ខែកញ្ញា បានឱ្យសញ្ញាពីការចាប់ផ្ដើមធ្វើសកម្មភាពថ្មីប្រឆាំងនឹងក្រុមឆ្វេងនិយម បន្ទាប់ពីការធ្វើឃាតសកម្មជន នយោបាយស្ដាំនិយម លោក Charlie Kirk ជាមួយការចាត់ទុកចលនាប្រឆាំងរបបហ្វាស៊ីស Antifa គឺជាអង្គការភេរវករ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ បានគូសបញ្ជាក់លើបណ្ដាញទំនាក់ទំនងសង្គម Truth Social ថាលោកចាត់ទុកចលនា Antifa គឺជាអង្គការភេរវករ។ «ខ្ញុំក៏នឹងផ្ដល់អនុសាសន៍យ៉ាងរឹងមាំផងដែរថាអ្នកដែល ផ្ដល់មូលនិធិសម្រាប់ Antifa នឹងត្រូវបានស៊ើបអង្កេតយ៉ាងតឹងរ៉ឹងស្របទៅតាមច្បាប់»។ នេះជាការបន្ថែមរបស់លោក ត្រាំ។ ភ្លាមៗ វាមិនទាន់ច្បាស់ថាតើសហរដ្ឋអាមេរិកនឹងត្រូវអនុវត្ត ច្បាប់បែបណានៅឡើយទេក្រោយការប្រកាសរបស់លោក ត្រាំ។ ក្រុមអ្នកជំនាញបាននិយាយថា Antifa គឺជាចលនាមនោគមន៍វិជ្ជាមួយដែលគ្មានមេដឹកនាំ ឬរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ នោះទេ។
គួរបញ្ជាក់ថា បន្ទាប់ពីរដ្ឋអាជ្ញាប្រចាំរដ្ឋ Utah ចោទប្រកាន់ជាផ្លូវការប្រឆាំងនឹងជនសង្ស័យក្នុងសំណុំរឿងធ្វើឃាតលោក Charlie Kirk មកទល់នឹងពេលនេះមិនមានភស្តុតាងណាមួយ បង្ហាញថាជនសង្ស័យឈ្មោះ Tyler Robinson មានអាយុ២២ឆ្នាំ គឺជាសមាជិក ឬមានទំនាក់ទំនងនឹងចលនាណាមួយទេ ខណៈមូលហេតុនៅពីក្រោយការបាញ់សម្លាប់មនុស្សជំនិតរបស់ លោក ត្រាំរូបនេះក៏មិនទាន់ត្រូវបានបញ្ជាក់នោះដែរ។ ក៏ប៉ុន្តែ ក្រុមអ្នករិះគន់បានអះអាងថាលោក ត្រាំ កំពុងប្រើប្រាស់ការស្លាប់របស់លោក Charlie Kirk ជាលេសដើម្បីបង្រ្កាប និងបំបិទមាត់អ្នកនយោបាយប្រឆាំង៕