នាវាFrigate ដែលចិនដំឡើងថ្មីចំនួន២គ្រឿងសម្រាប់ប្រគល់ជូនកងទ័ពជើងទឹកកម្ពុជា គឺគ្រឿងទី១ បានដំឡើងរួចរាល់ និងបានបើកបរសាកល្បងរួចរាល់ ចំណែកនាវាទី២ដំឡើងបានពាក់កណ្ដាល
នាវាFrigate ដែលចិនមិត្តដែកថែបរបស់កម្ពុជាដំឡើងថ្មីចំនួន២គ្រឿងសម្រាប់ប្រគល់ជូនកងទ័ពជើងទឹកកម្ពុជា គឺគ្រឿងទី១ បានដំឡើងរួចរាល់ និងបានបើកបរសាកល្បងរួចរាល់ ចំណែកនាវាទី២ដំឡើងបានពាក់កណ្ដាល
បន្ទាប់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិនប្រមាណ២សប្ដាហ៍, សម្ដេចអតីតរដ្ឋមន្ត្រីការពារជាតិ ទើបបង្ហើបនារាត្រី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការថា ÷”កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចបានឆ្លៀតទៅពិនិត្យនាវា Frigate ទីមួយ “ជាគម្រោងជំនួយយោធាភាគីចិនជូនកម្ពុជា” ដែលដំឡើងរួច ព្រមទាំងបានបើកសាកល្បងបច្ចេកទេសបានយ៉ាងល្អប្រសើរ។ ជាមួយនេះដែរ ក៏បានសង្កេតឃើញថា នាវាទី២បានដំឡើងសម្រេចលទ្ធផល៥០%ផងដែរ។“។
សម្ដេចពិជ័យសេនា ទៀ បាញ់ បង្ហើបឲ្យដឹងយ៉ាងខ្លីត្រឹមតែប៉ុណ្ណេះ ដោយមិនបានបញ្ជាក់បន្ថែមអំពីកាលបរិច្ឆេទជាក់លាក់ ដែលចិនត្រូវបញ្ជូននាវាFrigate ថ្មីសន្លាងនេះ មកឱ្យកម្ពុជាឡើយ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រី ម៉ាលី សុជាតា ធ្លាប់បានបញ្ជាក់ប្រាប់”កម្ពុជាថ្មី” កាលពីខែកញ្ញាឆ្នាំ២០២៤ ថានាវាដែលចិនធ្វើថ្មីពិសេសជូនកម្ពុជាចំនួន២គ្រឿង គឺជា ប្រភេទ ០៥៦C ដែលគ្រោងនឹងរួចរាល់ និងប្រគល់មកឱ្យកម្ពុជានៅឆ្នាំ២០២៥ ឬអាចយូរជាងនេះ។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាដូច្នេះ ធ្វើឡើងក្រោយពី កម្ពុជា-ចិន បានបិទសមយុទ្ធនាគមាសឆ្នាំ២០២៤ ទាំងលើផ្ទៃគោក និងលើផ្ទៃទឹកដោយជោគជ័យ ហើយមានការចុះផ្សាយព័ត៌មានពីកាសែតបរទេសមួយ ថា រដ្ឋាភិបាលចិនត្រៀមផ្ទេរនាវាចម្បាំង២គ្រឿងឱ្យកម្ពុជានៅមូលដ្ឋានសមុទ្ររាម ក្នុងខេត្តព្រះសីហនុ។
គួរកត់សម្គាល់ថា មុននឹងចិនធ្វើនាវាថ្មីឲ្យកម្ពុជាចំនួន២គ្រឿង ចិនបានជួយធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជាដែលជាបញ្ជាការកងទ័ពដ៏សំខាន់ និងបានបញ្ជូននាវារបស់ខ្លួនមកចូលចតនៅមូលដ្ឋានសមុទ្ររាម ហើយបានបង្ហាត់បង្រៀនបច្ចេកទេសដល់កងទ័ពជើងទឹកកម្ពុជាមួយរយៈ ក៏ដូចជាបានធ្វើសមយុទ្ធនាគមាសនៅលើផ្ទៃសមុទ្រកម្ពុជាផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិធ្លាប់បានឲ្យដឹងថា ការផ្តល់នាវាពីសំណាក់ភាគីចិន គឺធ្វើឡើងតាមការស្នើសុំរបស់កម្ពុជា ក្នុងគោលបំណងតែមួយគត់ គឺដើម្បីពង្រឹងសមត្ថភាព និងលទ្ធភាពរបស់កម្ពុជា ក្នុងការល្បាតលើដែនសមុទ្រ ការការពារ រក្សាសន្តិភាព ស្ថេរភាព និងសន្តិសុខ ក៏ដូចជាការគាំទ្រទៅដល់ប្រតិបត្តិការស្វែងរក និងសង្គ្រោះ ព្រមទាំងសកម្មភាពមនុស្សធម៌ដទៃទៀតនៅលើលម្ហសមុទ្រ មិនមែនដើម្បីគំរាមកំហែងដល់ប្រទេសជិតខាងក៏ដូចជាសន្តិសុខនៅក្នុងតំបន់ឡើយ។
គួរគូសបញ្ជាក់ថា កម្ពុជា ជារដ្ឋអធិបតេយ្យ ដែលមានសិទ្ធិពេញលេញក្នុងការកសាង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយដៃគូទាំងអស់ ដើម្បីបម្រើប្រយោជន៍ឱ្យប្រទេសជាតិ និងប្រជាជន និងសន្តិសុខក្នុងតំបន់ និងពិភពលោក។ កិច្ចសហប្រតិបត្តិការទាំងអស់នោះ និងជាពិសេសការទទួលជំនួយនាវាពីរគ្រឿងពីសំណាក់ចិន គឺស្របទាំងស្រុងតាមគោលបំណង និងគោលការណ៍នៃរដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា៥៣ ដែលចែងផ្ដល់សិទ្ធិឲ្យកម្ពុជាទទួលយកជំនួយពីបរទេស ដូចជាសម្ភារៈយោធា គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួននិងធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅក្នុងប្រទេស៕