«១២៩១» លេខទូរសព្ទបន្ទាន់របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការបម្រើជូនប្រជាពលរដ្ឋទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬបទល្មើសគ្រប់ប្រភេទ

«១២៩១» គឺជាលេខទូរសព្ទបន្ទាន់របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការបម្រើជូនប្រជាពលរដ្ឋទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬបទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។

លេខទាន់ហេតុការណ៍ «១២៩១» ជាគំនិតផ្តួចផ្តើមបំពាក់ឡើងដោយឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានទទួលការអនុញ្ញាតឱ្យដាក់ដំណើរការពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្នុងរយៈកាលកន្លងមក ពេលបានទទួលសេចក្តីរាយការណ៍ និងបណ្តឹងប្រចាំថ្ងៃ តាមរយៈលេខទូរសព្ទបន្ទាន់១២៩១ នេះហើយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចុះជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ ទាន់សភាពការណ៍ប្រកបដោយភាពកក់ក្តៅបំផុត។

ជាក់ស្តែង ហេតុការណ៍បន្ទាន់ដែលអាវុធហត្ថរាជធានីភ្នំពេញបានជួយសម្របសម្រួល និងដោះស្រាយពលរដ្ឋ តាមរយៈ សេចក្តីរាយការណ៍ និងបណ្តឹងតាមលេខទូរសព្ទបន្ទាន់១២៩១ មានដូចជា ករណីហឹង្សា ករណីបែកថ្នាំអុកឡុកគ្រួសារ ករណីដេញកាប់ប្លន់យកម៉ូតូ ករណីគ្រោះថ្នាក់ចរាចរណ៍ ករណីអគ្គីភ័យ ករណីចាក់ធុងបាសរំខានអ្នកជិតខាងពេលយប់ករណីលួច ករណីទំនាស់អ្នកជិតខាង ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងមានករណីផ្សេងៗទៀតជាច្រើន ដែលជាកង្វល់របស់ប្រជាពលរដ្ឋត្រូវការជំនួយជាចាំបាច់។

កាលពីចុងខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចាត់ក្រុមការងារចុះធ្វើការផ្សព្វផ្សាយនូវលេខអន្តរាគមន៍បន្ទាន់ដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានដឹងជាសាធារណៈ និងជ្រួតជ្រាបឱ្យបានកាន់តែច្រើនបំផុត។ នៅពេលមានហេតុការណ៍បន្ទាន់កើតឡើងមិនថា យប់ ឬថ្ងៃ ត្រូវការកិច្ចអន្តរាគមន៍ពី កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគាត់អាចហៅទូរសព្ទទៅកាន់លេខ 1291 ឬអាចទាក់ទងមកតាមបណ្តាញ Telegram WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈលេខ031 5555 669 ឬឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie៕

អត្ថបទដែលជាប់ទាក់ទង