សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់ប្រជាពលរដ្ឋថែរក្សាសុខភាព និងប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងៗកំឡុងពេលមានទឹកជំនន់

(ត្បូងឃ្មុំ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ថែរក្សាសុខភាពជាចម្បងនៅក្នុងរដូវវស្សាធ្លាក់ភ្លៀង និងទឹកជំនន់នេះ ត្រូវហូបស្អាត រស់នៅស្អាត តាមរយៈពិសាទឹកដាំឆ្អិន
ដើម្បីការពារពីជំងឺដង្កាត់ផ្សេងៗដល់កូនចៅប្រុសស្រី។

លើសពីនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារតូចៗកំឡុងពេលមានទឹកជនន់នេះ សូមកុំទុកកូនចៅឱ្យនៅផ្ទះម្នាក់ឯង ឬលេងទឹកដោយមិនមានអ្នកចាំមើលថែទាំត្រឹមត្រូវ បណ្ដាលលង់ទឹកដូចករណីកន្លងមក។

ការអំពាវនាវរបស់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក្នុងឱកាសអញ្ជើញចុះដោយផ្ទាល់ស្វែងយល់ពីទុក្ខលំបាកនានាដែលប្រជាពលរដ្ឋជួបប្រទះ ក្នុងអំឡុងរងគ្រោះមហន្ដរាយធម្មជាតិ ដោយទឹកជំនន់នេះ ដែលបណ្ដាលឱ្យបានជន់លិចលំនៅឋាន ចំនួន ១,៨០០គ្រួសារ នៅខេត្ដត្បូងឃ្មុំ ដោយក្នុងនោះប្រជាជនបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ចំនួន ១៣ កន្លែងក្នុងស្រុកត្បូងឃ្មុំ ដែលក្នុងនោះមានឃុំបឹងព្រួល ០៦ភូមិ ចំនួន ២០០គ្រួសារ, ឃុំជីរោទ៍ទី១ មាន ០៣ភូមិ ចំនួន ៨២៨គ្រួសារ និងឃុំទន្លេបិទ មាន ០៥ភូមិ ចំនួន ៧៧២គ្រួសារ។ ពិធីសំណេះសំណាលដ៏កក់ក្តៅ ដោយភ្ជាប់ជាមួយនឹងអំណោយមនុស្សធម៌ផងដែរនេះ គឺបានប្រព្រឹត្តទៅនៅទីទួលសុវត្ថិភាព លោកឧកញ៉ា វ៍ន ប៊ុនថៃ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្ដាំផ្ញើចំនួនដល់ប្រជាពលរដ្ឋថា «សូមពុកម៉ែបងប្អូនទាំងអស់នៅក្នុងអំឡុងទឹកជំនន់នេះ ត្រូវរក្សាអនាម័យឱ្យបានគ្រប់ៗគ្នា ព្រោះថាពេលទឹកជំនន់ឡើងមក គឺទឹកហូរមកមិនដឹងប្រភពមកពីណាខ្លះ ដូច្នេះសូមឱ្យពុកម៉ែបងប្អួន ពិសាទឹកដាំឆ្អិន ដើម្បីការពារគ្រួសារកូនចៅយើង ពីជំងឺដង្កាត់ផ្សេងៗដោយសារពិសាទឹកមិនស្អាត ឬទឹកឆៅ, សម្រាប់ស្ដ្រីមានផ្ទៃពោះ សូមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យនៅមន្ទីរពេទ្យដែលមានឯកទេសត្រឹមត្រូវ ចៀសវាងគ្រោះថ្នាក់ដល់ជីវិតម្ដាយ និងកូន ទោះធ្លាប់មានបទពិសោធន៍សម្រាលកូនទី១ ទី២ ឬទី៣ ជោគជ័យក៏ដោយព្រោះគ្រោះថ្នាក់មើលមិនឃើញឡើយ, ចំពោះអ្នកមានកូនតូចៗ ត្រូវយកចិត្ដទុកដាក់ខ្ពស់ កុំឱ្យកូននៅម្នាក់ឯង ឬលេងទឹកដោយមិនមានអ្នកមើលថែ ។លើសពីនោះក្រោយទឹកជំនន់ស្រកទៅវិញ សូមសម្អាតផ្ទះសម្បែងឱ្យបានស្អាត ពិនិត្យមើលឱ្យបានត្រឹមត្រូវ ការពារមានសត្វពស់ ឬក្អែកជាដើម ហើយបើមានបញ្ហាសុខភាពអ្វីមួយ សូមប្រញាប់ទៅកាន់មូលដ្ឋានសុខាភិបាលដែលនៅក្បែរផ្ទះរបស់ពុកម៉ែ បងប្អូន កុំបង្អង់យូរឱ្យសោះ»

ជាមួយគ្នាសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន សូមយកចិត្ដទុកដាក់ចំពោះសុខភាព និងសុវត្ថិភាពរបស់ប្រជាជនអំឡុងទឹកជំនន់ ក៏ដូចជាត្រូវត្រៀមលក្ខណៈជានិច្ច ក្នុងការជម្លៀសប្រជាពលរដ្ឋទៅទីទួលមានសុវត្ថិភាពឱ្យទាន់ពេលវេលា និងផ្ដល់ការជួយសម្រាលការលំបាកដូចគ្រាកន្លងមកនេះ។

ជាងនេះទៅទៀត សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានស្នើដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្ដទុកដាក់កុំឱ្យមានករណីលេងល្បែងស៊ីសង ដែលនាំមកនូវសេចក្ដីវិនាសអន្ដរាយ និងអំពើហិង្សាជាដើម, ហើយសូមឱ្យអាជ្ញារមូលដ្ឋាន ត្រូវតាមដានភូមិឃុំជានិច្ចកុំឱ្យមានករណីក្មេងទំនើង និងគ្រឿងញៀនជាដើម។ ចំពោះកេ្មងទំនើង និងករណីគ្រឿងញៀននេះផងដែរ គឺត្រូវការចូលរួមជាចាំបាច់ពីអាណាព្យាបាលទាំងអស់ ត្រូវតាមដាន និងអប់រំកូនឱ្យបានល្អ បើបានដឹងថាកូនចៅ ដើរខុសផ្លូវ ត្រូវប្រញាប់ទាញគាត់ចេញមកវិញ កុំជួយលាក់បំពួន រហូតទុកឱ្យមានគ្រោះថ្នាក់ដល់ក្រុមគ្រួសារ និងសង្គមជាតិ។

សូមជម្រាបថា ក្នុងឱកាសអ្នកម្ដាយមនុស្សធម៌ ចុះសំណេះសំណាលសួរសុខទុកប្រជាជនរងគ្រោះដោយទឹកជំនន់ខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា មកចែកជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១,៨០០គ្រួសារ មកពីភូមិចំនួន១៤ ក្នុងឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា ១ដប, សាប៊ូដុសខ្លួន ១ដប, ម្សៅសាប៊ូ ២កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។ ព្រះរាជអំណោយខាងលើនេះ បន្ទាប់ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ទទួលបានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ២ម៉ឺនដុល្លារអាមេរិក របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី៣ តុលា ឆ្នាំ២០២៥ ហើយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានចាត់ចែងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះទិញស្បៀង និងសម្ភារៈ ភ្លាមៗដើម្បីយកមកចែកជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់នៅខេត្ដត្បូងឃ្មុំនេះ។

ក្រៅពីព្រះរាជអំណោយនេះ ក៏មានការឧបត្ថម្ភថវិកាបន្ថែមក្នុង ១គ្រួសារ ៥ម៉ឺនរៀល ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលថវិកាបានមកពីការចូលរួមបរិច្ចាគ ពីលោក វង សូត អនុប្រធានទី២ រដ្ឋសភា និងក្រុមតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ចំនួន ៩០លានរៀល, សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ក៏បានឧបត្ថម្ភបន្ថែម នំប៉័ងសាប ១ដើម និងទឹកបរិសុទ្ធ ១ដប ដោយឡែកចំពោះស្ត្រីមានផ្ទៃពោះនិងស្ត្រីក្នុងវ័យបន្តពូជ គឺទទួលបានបន្ថែមនូវកញ្ចប់អនាម័យសម្រាប់ស្ត្រី ដែលជាអំណោយរបស់មូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន (UNFPA)។ ក្នុងនោះក៏មានការចូលរួមឧបត្ថម្ភថវិកា១០លានរៀល ពីលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកស្រី សូ ភត្ត្រា, និងថវិកា ១ម៉ឺនដុល្លារទៀតពី លោកស្រី អ៊ូ ធីតាពៅ គួចចំរើន សម្រាប់ប្រតិបត្តិការមនុស្សធម៌។

លើសពីអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានឧបត្ថម្ភថ្នាំពេទ្យបញ្ចុះកម្តៅ និងព្យាបាលផ្តាសាយប្រភេទ ACETA-SANT 500 ចំនួន ៨កេស (ស្មើនឹង ៧៦,៨០០គ្រាប់) ជូនមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងចំនួន ៨កេសទៀត ជូនដល់មន្ទីរសុខាភិបាលខេត្តកំពង់ចាម សម្រាប់ចាត់ចែងបន្តដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងខេត្តនីមួយៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង