រដ្ឋមន្ត្រី ហួត ហាក់ ចាត់ទុកព្រឹត្តិការណ៍កីឡាទេសចរណ៍ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងផ្តល់នូវឱកាសបែបថ្មីប្លែក
(កំពង់ចាម)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងទិវាដើរពិភពលោក ក្រោមប្រធានបទ «ដើរដើម្បីសន្តិភាព Walk For Peace» នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នៅខេត្តកំពង់ចាម។
ព្រឹត្តិការណ៍នេះ ដើម្បីចូលរួមចំណែកជំរុញកំណើនទេសចរក្នុងរដូវកាលបៃតង (Green Season) នេះផង, ក៏ដូចជាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តកំពង់ចាម ពិសេសបង្ហាញឱ្យពិភពលោកឃើញថា ប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ, មានសាមគ្គីភាពរឹងមាំ និងសុខដុមរមនាទូទាំងប្រទេស។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងខេត្តកំពង់ចាម និងព្រះវត្តមានរបស់ព្រះសង្ឃចំនួន ២៥០អង្គ អ្នកឧកញ៉ា លោក លោកស្រី ប្រជាពលរដ្ឋ ក្មួយៗសិស្ស និស្សិត និងមហាជនទូទៅដែលអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករសរុបប្រមាណជាង ៦,០០០នាក់។
លោករដ្ឋមន្ត្រី បានលើកឡើងថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានបង្ហាញអំពី គុណតម្លៃដ៏មហិមាមិនអាចកាត់ថ្លៃបាននៃកត្តាសុខសន្តិភាព ឯកភាពជាតិពេញលេញស្មារតីសាមគ្គីភាព ភាតរភាព ការរស់នៅប្រកបដោយសុភមង្គលសុខដុមនីយកម្ម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយកដ្ឋមន្ត្រី និងជាប្រមុខរដ្ឋស្តីទីនៃកម្ពុជា ដែលជាអគ្គមគ្គុទេសក៍ឯក និងប្រតិបត្តិករឆ្នើមនៃគោលនយោបាយឈ្នះ-ឈ្នះ ហើយសន្តិភាពនេះត្រូវបានបន្តថែរក្សាពូនជ្រុំ ក្រោមការដឹកនាំដ៏ស្វាហាប់មោះមុត ត្រឹមត្រូវ និងប្រាកដនិយមរបស់ប្រមុខដឹកនាំវ័យក្មេងកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍, រួមចំណែកក្នុងការផ្តល់នូវកាលានុវត្តភាពថ្មីមួយបែប ដែលធ្វើឱ្យផលិតផលទេសចរណ៍ មានភាពសម្បូរបែប និងប្លែកៗតាមរយៈការធ្វើពិពិធកម្មផលិតផលកីឡាទេសចរណ៍៕