លោក ត្រាំ គំរាមប្រើច្បាប់អាសន្នដើម្បីពង្រាយទ័ពនៅរដ្ឋគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ

ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ គំរាមប្រើច្បាប់អាសន្នដែលអនុវត្តប្រឆាំងឧទ្ទាម ដើម្បីពង្រាយកងទ័ពបន្ថែមទៀតនៅតាមទីក្រុងនានាដែលមានការតវ៉ាជំទាស់ការតាមចាប់ក្រុមអន្តោប្រវេសន៍ខុសច្បាប់។ វិធានការបញ្ជូនទ័ពរបស់លោក ត្រាំ ក៏ជួបបញ្ហាក្ដីក្ដាំនៅតុលាការផងដែរ។

ដ្បិតរងបណ្ដឹងជំទាស់ការបញ្ជូនទ័ពទៅទីក្រុង Portland ដើម្បីទប់ស្កាត់ការតវ៉ា លោក ដូណាល់ ត្រាំ ប្រកាសជាចំហចង់ប្រើច្បាប់ប្រឆាំងការបះបោរដើម្បីបញ្ចេញឆ្មាំជាតិទៅកាន់ទីក្រុងនានាដែលមានបញ្ហា ហើយស្ថិតក្រោមការគ្រប់គ្រងរបស់បក្សប្រជាធិបតេយ្យ។

នៅទីក្រុង Portland ចៅក្រមក្នុងទីក្រុងបានចេញដីកាមិនឲ្យមានការបញ្ជូនទ័ពឡើយ ស្របពេលដែលចំនួនកម្លាំងសន្តិសុខសហព័ន្ធដែលចុះបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ កើនឡើងកាន់ខ្លាំង ដែលជាផ្នែកមួយនៃវិធានការរបស់រដ្ឋបាលលោក ត្រាំ ក្នុងការបណ្ដេញចេញអ្នកខុសច្បាប់។ ការរឹតបន្តឹងនេះ នាំឲ្យមានការតវ៉ាបន្តបន្ទាប់នៅការិយាល័យអង្គភាពអន្តោប្រវេសន៍ដែលត្រៀមអនុវត្តការបណ្ដេញចេញ។

«យើងមានច្បាប់ប្រឆាំងការបះបោរ។ ប្រសិនបើខ្ញុំត្រូវអនុវត្តច្បាប់នេះ ខ្ញុំនឹងធ្វើបែបនោះ។ ប្រសិនបើនៅមានអ្នកស្លាប់ ហើយតុលាការបិទផ្លូវយើង ឬអភិបាលរដ្ឋ ឬអភិបាលក្រុងជំទាស់យើង ខ្ញុំត្រូវតែធ្វើហើយ។» លោក ត្រាំ ប្រាប់អ្នកសារព័ត៌មានបែបនេះ នៅសេតវិមាននៅថ្ងៃទី៦ ខែតុលា។

នៅទីក្រុងIliniosវិញ មន្រ្តីទីក្រុងបានដាក់ពាក្យបណ្ដឹងប្រឆាំងការបញ្ជូនទ័ពរបស់លោក ត្រាំ ប៉ុន្តែចៅក្រមក្នុងទីក្រុង ដែលតែងតាំងដោយលោក ត្រាំ មិនបានបញ្ចេញដីកាជំទាស់ភ្លាមៗឡើយ។ សវនាការមួយ នឹងធ្វើឡើងនៅថ្ងៃទី៧ ដើម្បីពិនិត្យលើបណ្ដឹងនេះ ដោយចៅក្រមស្នើឲ្យភាគីទីក្រុងបញ្ចូលព័ត៌មានថែមទៀត។

សម្រាប់ទីក្រុងធំក្នុងរដ្ឋ Chicago មួយនេះ លោក ត្រាំ ចង់ពង្រាយកងឆ្មាំជាតិ២០០នាក់ ពីរដ្ឋតិចសាស់ ដែលកាន់កាប់ដោយបក្សសាធារណរដ្ឋ។ ព័ត៌មាននេះ ធ្វើឲ្យចៅហ្វាយក្រុង លោក JB Prikzker មកពីបក្សប្រជាធិបតេយ្យខឹងយ៉ាងខ្លាំង។

«ពួកគេគួរនៅឲ្យឆ្ងាយពី Illinois។» លោក Pritzker និយាយបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង