ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចប្រជុំពិនិត្យឈ្វេងយល់បន្ថែមពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា លើការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
(សៀមរាប)៖ បណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងរបស់លោក រស់ សីលវ៉ា, រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ជាមួយរដ្ឋបាលខេត្តសៀមរាប, រដ្ឋបាលក្រុង-ស្រុកក្នុងខេត្តសៀមរាបទាំង ១៣, ព្រមទាំង មន្ទីរ សហវ. ទាំង ២៥ រាជធានី-ខេត្ត ដើម្បីពិនិត្យឈ្វេងយល់បន្ថែមពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា លើការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅប្រមូលធាតុចូលបន្ថែម សម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម»។
ក្នុងកិច្ចប្រជុំនេះ ប្រធានបទសំខាន់ៗចំនួន ៥ ត្រូវបានលើកយកមកពិភាក្សាលម្អិតរួមមាន៖ (១) ការរៀបចំផែនការយុទ្ធសាស្រ្ដថវិការាជធានី-ខេត្ត, (២) ការរៀបចំកិច្ចបញ្ជិកាគណនេយ្យ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ, (៣) ការប្រមូលចំណូលមិនមែនសារពើពន្ធ ជាពិសេសតាមច្រកចេញចូលតែមួយ, (៤) ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និង (៥) ការអនុវត្តមុខងារទាំង ៥៥ ដែលបានផ្ទេរជូនពីរដ្ឋបាលថ្នាក់ជាតិ ទៅរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ។
គួរបញ្ជាក់ផងដែរថា អនុលោមទៅតាមការសម្រេចរបស់គណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រដ្ឋបាលខេត្តចំនួន ១៣ នឹងត្រូវចូលរួមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងឆ្នាំ២០២៦ ដែលក្នុងនោះ រួមមានរដ្ឋបាលខេត្តកែប, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តប៉ៃលិន, ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តតាកែវ, ខេត្តកំពត, ខេត្តព្រៃវែង និង ខេត្តរតនគិរី។ ដោយឡែក រដ្ឋបាលរាជធានី-ខេត្តចំនួន ១៣ ផ្សេងទៀត នឹងត្រូវចូលរួមអនុវត្ត ចាប់ពីឆ្នាំ២០២៧ តទៅ។
ក្នុងន័យនេះ បណ្ឌិត យ៉េត វីណែល បានរំលឹកជូនអង្គប្រជុំផងដែរថា លទ្ធផលនៃកិច្ចប្រជុំពិភាក្សានៅថ្ងៃនេះ នឹងមិនត្រឹមជាធាតុចូលក្នុងរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជាសមាសធាតុដ៏សំខាន់សម្រាប់ការរៀបចំផែនការសកម្មភាពលម្អិត ឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់រដ្ឋបាលរាជធានី-ខេត្តនីមួយៗ អនុវត្តក្នុងក្របខ័ណ្ឌ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់ពីឆ្នាំ២០២៦ តទៅ។
មុននឹងបញ្ចប់ បណ្ឌិត យ៉េត វីណែល ក៏បានគូសរំលេចផងដែរអំពីទិសដៅ នៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ពោលគឺកែប្រែជាជំហាននូវប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ទៅជាប្រព័ន្ធថវិកាផ្ដោតលើធាតុចេញ ឬលទ្ធផល និង មានលក្ខណៈវិមជ្ឍការ ស្របទៅតាមស្ដង់ដារ និងឧត្ដមានុវត្តន៍ជាអន្តរជាតិ ប៉ុន្តែសម្របជាមួយនឹងបរិបទជាក់ស្ដែងនៃកម្ពុជា។
ក្នុងនោះ លោកបណ្ឌិត ក៏បានបញ្ជាក់បន្ថែមផងដែរថា ការចូលរួម និងការគាំទ្រទៅវិញទៅមក ជាកត្ដាមិនអាចខ្វះបាន សំដៅរួមគ្នាសម្រេចឱ្យបាននូវគោលដៅឆ្នាំ២០២៧ នៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាចុងបញ្ចប់, លោកបណ្ឌិត បានថ្លែងអំណរគុណដល់អង្គប្រជុំទាំងអស់ ដែលបានចូលរួមយ៉ាងផុលផុស និងផ្ដល់ធាតុចូលដ៏មានតម្លៃ ព្រមទាំងបានដាក់ចេញនូវទិសដៅបន្ដ សំដៅធានាបញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើង ត្រូវបានយកទៅពិភាក្សា និងគិតគូរដោះស្រាយ ស្របទៅតាមស្មារតី នៃកិច្ចប្រជុំ សំដៅរួមចំណែកពង្រឹង និងពង្រីកការផ្ដល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព ជូនប្រជាពលរដ្ឋ ពីអង្គភាពរបស់រដ្ឋាភិបាលនៅមូលដ្ឋានផ្ទាល់៕