ចិនកំពុងដាក់ពង្រាយទូពេទ្យស្វ័យប្រវត្តិ AI ដើម្បីពិនិត្យ បើកថ្នាំ និងកាត់បន្ថយពេលវេលារង់ចាំរបស់អ្នកជំងឺ

(បរទេស)៖ ប្រទេសចិនកំពុងដាក់ពង្រាយបញ្ជរវេជ្ជសាស្ត្រប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់នៅក្នុងមន្ទីរពេទ្យ មជ្ឈមណ្ឌលដឹកជញ្ជូន និងកន្លែងសាធារណៈផ្សេងទៀត ដើម្បីកាត់​បន្ថយបន្ទុកលើវេជ្ជបណ្ឌិតដែលធ្វើការលើសទម្ងន់ និងធ្វើឱ្យការថែទាំសុខភាពកាន់តែលឿន និងមានតម្លៃសមរម្យ។

ទូបញ្ជរវេជ្ជសាស្ត្រ ឬទូពេទ្យស្វ័យប្រវត្តិ (Kiosks) និងបរិក្ខារវិនិច្ឆ័យឆ្លាតវៃ ដំណើរការដោយ AI ដែលអាចធ្វើការត្រួតពិនិត្យសុខភាពជាមូលដ្ឋានដូចជាសម្ពាធឈាម ចង្វាក់បេះដូង និងកម្រិត​អុកស៊ីហ្សែន មុនពេលដំណើរការការវិនិច្ឆ័យរហ័សដោយប្រើបញ្ញាសិប្បនិម្មិត និងបណ្តាញតេឡេវេជ្ជកម្ម។ អ្នកជំងឺអាចទទួលបានរបាយការណ៍ពិនិត្យភ្លាមៗ ហើយថែមទាំងទទួលបានថ្នាំ​នៅនឹងកន្លែងទៀតផង។

គំនិតផ្តួចផ្តើមនេះកំពុងបង្ហាញពីភាពជោគជ័យគួរឱ្យកត់សម្គាល់ក្នុងការបង្កើនលទ្ធភាពទទួលបានសេវាថែទាំ និងកាត់បន្ថយយ៉ាងគំហុកនូវរយៈពេលរង់ចាំដ៏យូរដែលធ្លាប់ជា​បន្ទុកនៃប្រព័ន្ធ​សុខភាព​សាធារណៈ។

ក្រុងសិនជិន (Shenzhen) ដែលជាតំបន់ជួរមុខនៃការផ្លាស់ប្តូរនេះ បានរួមបញ្ចូលផលិតផលវេជ្ជសាស្ត្រ AI ជិត ៤៥០ នៅក្នុងស្ថាប័នថែទាំសុខភាពរបស់ខ្លួន។ ការពង្រីកនេះមានសារៈសំខាន់​ជាពិសេស​នៅកម្រិតសហគមន៍ ដោយមណ្ឌលសុខភាពសហគមន៍ជាង ៤០០ ក្នុងចំណោម ៩៧០ ក្នុងទីក្រុងនេះបានដាក់ឱ្យប្រើប្រាស់បរិក្ខារជំនួយការវិនិច្ឆ័យឆ្លាតវៃ។

ការប្រើប្រាស់ទូបញ្ជរវេជ្ជសាស្ត្រ ឬទូពេទ្យស្វ័យប្រវត្តិ (Kiosks) បានកាត់បន្ថយពេលវេលារង់ចាំបានលើសពី ៧៥%។ អ្នកជំងឺអាចនិយាយប្រាប់ពីអាការៈរបស់ខ្លួនប្រាប់ទៅទូពេទ្យស្វ័យប្រវត្តិ បន្ទាប់មក​​ទូពេទ្យ AI មួយនេះនឹងធ្វើការការវិនិច្ឆ័យរហ័សដោយប្រើបញ្ញាសិប្បនិម្មិត និងបណ្តាញតេឡេវេជ្ជកម្ម ហើយបើសិនជាអ្នកជំងឺមានសភាពធ្ងន់ធ្ងរ ដែលតម្រូវឱ្យជួបវេជ្ជបណ្ឌិតដោយផ្ទាល់ នោះវា​នឹង​ធ្វើ​ការ​កត់ត្រានូវរបាយការណ៍អ្នកជំងឺ ព្រមទាំងធ្វើការណាត់ជួបវេជ្ជបណ្ឌិតដោយផ្ទាល់ ហើយបើយោងតាមការសិក្សាគឺពេលវេលារង់ចាំជាមធ្យមគឺកាត់បន្ថយមកត្រឹម ០.៣៨ ម៉ោង (ប្រហែល ២៣ នាទី) ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹង ១.៩៧ ម៉ោង (ជិត ២ ម៉ោង) សម្រាប់ការណាត់ជួបវេជ្ជបណ្ឌិតដោយមិនប្រើទូពេទ្យ AI ។

ជាមួយនឹងការសាកល្បងដំបូងដែលបង្ហាញពីអត្រាភាពត្រឹមត្រូវដ៏គួរឱ្យចាប់អារម្មណ៍ រួមទាំងភាពត្រឹមត្រូវ ៩៥.៦% ក្នុងការធ្វើរោគវិនិច្ឆ័យ មន្ទីរពេទ្យនិម្មិតនេះត្រូវបានរចនាឡើងមិនត្រឹមតែដើម្បីជួយ​ដល់គ្រូពេទ្យ និងកាត់បន្ថយបន្ទុកការងាររដ្ឋបាលរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវទីកន្លែងហ្វឹកហាត់ល្បឿនលឿន និងគ្មានហានិភ័យសម្រាប់និស្សិតពេទ្យទៀតផង៕

អត្ថបទដែលជាប់ទាក់ទង