លោក ត្រាំ នឹងធ្វើជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលនឹងត្រូវរៀបចំអំឡុងកិច្ចប្រជុំអាស៊ានខាងមុខនៅម៉ាឡេស៊ី។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាត់ ហាសាន ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៤ ខែតុលាថា៖ «លោក ត្រាំ ទន្ទឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាសន្តិភាពរវាងថៃ និងកម្ពុជា»។
ប្រមុខការទូតម៉ាឡេស៊ីបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពនេះ អាចចុះហត្ថលេខានៅកិច្ចប្រជុំអាស៊ាន ដែលគ្រោងធ្វើពីថ្ងៃទី២៦ ដល់ទី២៨ ខែតុលា។ បើតាមរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីរូបនេះ កិច្ចព្រមព្រៀងនេះ ត្រូវហៅថា កិច្ចព្រមព្រៀងគួឡាឡាំពួ ដែលនឹងធានាសន្តិភាព និងបទឈប់បាញ់យូរអង្វែងរវាងកម្ពុជា និងថៃ។
អាម៉េរិក និងចិនផងនោះ មានតួនាទីសំខាន់ក្នុងការជំរុញឲ្យមានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ក្រោយការបាញ់ប្រហារតាមព្រំដែនអស់៥ថ្ងៃ។ ម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំ២០២៥ ក៏បានដឹកមុខការចរចានេះដែរ ដោយបានធ្វើជាម្ចាស់ផ្ទះនៃការចរចារវាងភាគីទាំង២ បន្តបន្ទាប់។
ជាមួយការប្រឹងប្រែងនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានស្នើបេក្ខភាពលោក ត្រាំ ជាជ័យលាភីមេដាយណូបែលសន្តិភាព។ កាលពីសប្ដាហ៍មុន លោក ត្រាំ ក៏បានផ្ញើសារទៅកាន់នាយករដ្ឋមន្រ្តីថៃ ដោយបង្ហាញបំណងចង់ឲ្យភាគីទាំង២ ចរចាបញ្ចប់ជម្លោះព្រំដែនថែមទៀត។
វត្តមានលោក ត្រាំ នៅកិច្ចប្រជុំអាស៊ាន ត្រូវបានប្រកាសដោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម នាពេលកន្លងមក ប៉ុន្តែព័ត៌មានផ្លូវការមិនទាន់ប្រកាសនៅឡើយ។
ទោះជាយ៉ាងណា លោក ហាសាន់ និយាយថា ម៉ាឡេស៊ី និងអាម៉េរិក បន្តសម្របសម្រួលជាមួយកម្ពុជា និងថៃដើម្បីសម្រេចបានបទឈប់បាញ់ទូលាយមួយ ដែលនឹងរួមបញ្ចូលការដកអាវុធធុនធ្ងន់ និងការដោះមីនផង។
នៅថ្ងៃទី១២ ខែតុលា ប្រមុខការទូតកម្ពុជា និងថៃ ក៏បានចូលរួមប្រជុំចតុភាគីជាមួយអាម៉េរិក និងម៉ាឡេស៊ីផងដែរ ជុំវិញបទឈប់បាញ់៕