អ៊ីរ៉ង់ បើកការចរចាជាថ្មី ប៉ុន្តែព្រមានថា សង្គ្រាមអាចរាលដាលទូទាំងតំបន់ បើអាមេរិក សម្រេចបន្តសង្គ្រាម

ប្រទេសអ៊ីរ៉ង់ បានបើកកិច្ចចរចាជាថ្មីជាមួយប្រទេសកាតា ដែលដើរតួជាអ្នកសម្របសម្រួល ដើម្បីស្វែងរកមធ្យោបាយបញ្ចៀសការផ្ទុះសង្គ្រាម នៅតំបន់ឈូងសមុទ្រ ខណៈភាពតានតឹងជាមួយសហរដ្ឋអាមេរិកនៅតែបន្តកើនឡើង។

ទន្ទឹមនឹងការខិតខំដោះស្រាយតាមផ្លូវការទូត ទីក្រុងតេហេរ៉ង់ ក៏បានព្រមានផងដែរថា ប្រសិនបើអាមេរិកបើកការវាយប្រហារយោធាជាថ្មី សង្គ្រាមអាចរាលដាលទៅកាន់តំបន់ដ៏ធំទូលាយជាងមុន។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters និង Anadolu នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។

កងទាហានអ៊ីរ៉ង់ នៅមណ្ឌលហ្វឹកហ្វឺនមួយកន្លែង ក្នុងទីក្រុងតេហេរ៉ង់

ប្រភពមួយដែលបានដឹងអំពីកិច្ចចរចា បានប្រាប់ Reuters ថា ក្រុមអ្នកចរចាអ៊ីរ៉ង់ បានជួបពិភាក្សាជាមួយអ្នកសម្របសម្រួលកាតា នៅក្នុងទីក្រុងដូហា កាលពីថ្ងៃសៅរ៍ ទី៣១ ខែតុលា ដើម្បីពិភាក្សាអំពីមធ្យោបាយបញ្ចប់ជម្លោះនៅតំបន់ឈូងសមុទ្រ។ កិច្ចពិភាក្សានេះធ្វើឡើងបន្ទាប់ពីតំណាងអ៊ីរ៉ង់ និងកាតា បានជួបពិភាក្សាគ្នាអស់រយៈពេលជាង ១២ ម៉ោង នៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃសុក្រ ទី៣០ ខែតុលា។

ប្រភពដដែល ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា កិច្ចចរចាទាំងនេះកំពុងត្រូវបានសម្របសម្រួលតាមរយៈការទាក់ទងជាប្រចាំជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ ការខិតខំប្រឹងប្រែងផ្នែកការទូតនេះ ធ្វើឡើង ខណៈប្រទេសមួយចំនួនក្នុងតំបន់កំពុងបារម្ភថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងបន្តការវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក នៅដើមខែវិច្ឆិកា នេះ។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្លែងកាលពីថ្ងៃសៅរ៍ថា លោក ត្រាំ មិនទាន់សម្រេចចិត្តនៅឡើយទេថា តើនឹងបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ឬយ៉ាងណា ប៉ុន្តែប្រធានាធិបតីអាមេរិករូបនេះ ចង់ដោះស្រាយជម្លោះតាមរយៈការទូតជាងការប្រើកម្លាំងយោធា។

លោក ត្រាំ បានផ្អាកការវាយប្រហារលើអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយសារការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិក ដែលនឹងកំណត់ថា តើគណបក្សសាធារណរដ្ឋរបស់លោក អាចរក្សាសំឡេងភាគច្រើនដ៏ប្រកៀកប្រកិតនៅក្នុងសភាទាំងពីរបានដែរឬទេ។

កងទាហានអ៊ីរ៉ង់ កំពុងតែហ្វឹកហាត់

ទោះបីជាការចរចាកំពុងបន្តក៏ដោយ អ៊ីរ៉ង់បានបង្ហាញសញ្ញាថា ខ្លួនកំពុងបង្កើនការត្រៀមលក្ខណៈយោធា ដើម្បីឆ្លើយតបចំពោះលទ្ធភាពនៃការវាយប្រហារណាមួយ។ កាលពីថ្ងៃសៅរ៍ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei បានចេញសេចក្តីថ្លែងការណ៍បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធត្រៀមខ្លួនឆ្លើយតបចំពោះការវាយប្រហារណាមួយ។ បន្ទាប់មក យោធាអ៊ីរ៉ង់ ក៏បានប្រកាសថា ខ្លួនកំពុងចាត់វិធានការដើម្បីពង្រឹងសមត្ថភាពត្រៀមប្រយុទ្ធរបស់កងកម្លាំងផងដែរ។

ជាមួយគ្នានេះ ឧត្តមសេនីយត្រី Mohammad Akraminia អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកបើកប្រតិបត្តិការយោធាជាថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ដោយមានអ៊ីស្រាអែលចូលរួម នោះសង្គ្រាមអាចរាលដាលទៅកាន់តំបន់ភូមិសាស្ត្រដ៏ធំទូលាយជាងមុន។ នេះបើយោងតាមការរាយការណ៍របស់ Anadolu។

លោក Akraminia បានសរសេរនៅលើបណ្តាញសង្គម X ថា៖ «ប្រសិនបើប្រធានាធិបតីអាមេរិកចាប់ផ្តើមប្រតិបត្តិការយោធាដ៏ប្រថុយប្រថានជាថ្មីនៅក្នុងតំបន់ ក្រោមសម្ពាធ និងការជំរុញពីក្រុមស៊ីយ៉ូននិយម នោះភ្លើងសង្គ្រាមប្រាកដជានឹងរាលដាលទៅកាន់តំបន់ភូមិសាស្ត្រដ៏ធំទូលាយជាងមុន»។

គួររំឭកថា ភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើនឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឱ្យទីក្រុងតេអេរ៉ង់បើកការវាយបកទៅលើគោលដៅនានាក្នុងតំបន់។ ចាប់តាំងពីពេលនោះមក ការព្រួយបារម្ភអំពីការផ្ទុះសង្គ្រាមជាថ្មី និងការរីករាលដាលនៃជម្លោះទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់ នៅតែជាបញ្ហាដែលប្រទេសជាច្រើនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់៕

អត្ថបទដែលជាប់ទាក់ទង