កូរ៉េខាងជើង សាកល្បងគ្រាប់បែកចង្កោម ដែលអាចបំពាក់លើមីស៊ីលបាលីស្ទិក

កូរ៉េខាងជើង បានសាកល្បងគ្រាប់បែកចង្កោមមួយប្រភេទ ដែលអាចបំពាក់លើមីស៊ីលបាលីស្ទិក និងបានប្រកាសថា ខ្លួននឹងដាក់ឱ្យប្រើប្រាស់ក្បាលគ្រាប់ចង្កោមជាច្រើនប្រភេទ មុនដំណាច់ឆ្នាំនេះ។ នេះបើយោងតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ និងការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃទី១ ខែវិច្ឆិកា។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានឱ្យដឹងថា រដ្ឋបាលមីស៊ីលកូរ៉េខាងជើង បានធ្វើការសាកល្បងកាលពីថ្ងៃសៅរ៍ ទី៣១ ខែតុលា ដើម្បីវាយតម្លៃសមត្ថភាពប្រយុទ្ធ និងអានុភាពរបស់ក្បាលគ្រាប់បែកចង្កោម ដែលអាចបំពាក់លើមីស៊ីលបាលីស្ទិក។

រូបភាពបង្ហាញពីប្រសិទ្ធិភាពនៃគ្រាប់បែកចង្កោមបំពាក់លើមីស៊ីលបាលីស្ទិក

យោងតាម KCNA វិទ្យាស្ថានស្រាវជ្រាវក្រោមឱវាទរបស់រដ្ឋបាលមីស៊ីល បានបញ្ជាក់ថា ក្បាលគ្រាប់បែកចង្កោម «ប្រភេទស្តង់ដារលេខ២» មានសមត្ថភាពបំផ្លាញតំបន់គោលដៅទំហំ ១២ ទៅ ១៣ ហិកតា ដោយប្រើប្រាស់អានុភាពបំផ្លាញក្នុងកម្រិតខ្ពស់បំផុត។

KCNA បានដកស្រង់សម្តីអគ្គនាយករដ្ឋបាលមីស៊ីល ដែលបានឱ្យដឹងថា ក្បាលគ្រាប់បែកចង្កោម ត្រូវបានបែងចែកជា ៤ ប្រភេទ ដោយផ្អែកលើគោលដៅនៃការប្រើប្រាស់។

មន្ត្រីរូបនេះបាននិយាយថា៖ «នៅក្នុងឆ្នាំនេះ យើងនឹងធានាឱ្យអង្គភាពយោធា អាចជ្រើសរើស និងប្រើប្រាស់ក្បាលគ្រាប់គ្រប់ប្រភេទទាំងនេះ ទៅតាមគោលដៅប្រតិបត្តិការ និងលក្ខណៈជាក់លាក់របស់គោលដៅ»។

គួរបញ្ជាក់ថា គ្រាប់បែកចង្កោម គឺជាគ្រាប់បែកដែលអាចបញ្ចេញគ្រាប់រំសេវតូចៗ ចាប់ពីរាប់សិបគ្រាប់រហូតដល់រាប់រយគ្រាប់ ដើម្បីវាយប្រហារលើគោលដៅជាច្រើនក្នុងតំបន់ធំទូលាយមួយ។

ជុំវិញការសាកល្បងនេះ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា ខ្លួនបានតាមដានការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ដោយបញ្ជាក់ថា មីស៊ីលនោះ ត្រូវបានបាញ់ឆ្ពោះទៅកាន់សមុទ្រលឿង (Yellow Sea) ពីតំបន់ក្បែរស្រុក Chongju នៅភាគពាយ័ព្យប្រទេស។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបានថ្លែងកាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីការសាកល្បង ថា៖ «តាមរយៈការចែករំលែកព័ត៌មានយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក យើងបានតាមដានសកម្មភាពពាក់ព័ន្ធមុនពេលកូរ៉េខាងជើងបាញ់មីស៊ីល និងបានរក្សាការត្រៀមខ្លួនជាស្រេច»។

ការសាកល្បងកាលពីថ្ងៃសៅរ៍ ទី៣១ ខែតុលា ធ្វើឡើងស្របពេលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានបន្តអំពាវនាវឱ្យមានការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងទាំងស្រុង ក្នុងកិច្ចពិភាក្សាត្រីភាគីរបស់ពួកគេនៅទីក្រុងអាត្លង់តា (Atlanta)។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្លែងកាលពីថ្ងៃសៅរ៍ ថា ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែបើកចំហចំពោះការចរចាជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ប្រសិនបើទីក្រុងព្យុងយ៉ាងមានឆន្ទៈពិភាក្សាអំពីបញ្ហាដែលអាមេរិក និងសម្ព័ន្ធមិត្តមានការព្រួយបារម្ភ។ ទោះជាយ៉ាងណា មិនទាន់មានការកំណត់ពេលវេលាសម្រាប់ជំនួបរវាងមេដឹកនាំទាំងពីរនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង