ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បើកភ្លើងបៃតងឱ្យ CIA ធ្វើប្រតិបត្តិការនៅវ៉េណេស៊ុយអេឡា

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី១៥ ខែតុលា បានទទួលស្គាល់ថារូបលោកបានបើកភ្លើងបៃតងឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ដឹកនាំប្រតិបត្តិការសម្ងាត់នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដែលនេះជាការបង្កើនភាពតានតឹងយ៉ាងស្រួចស្រាល់មួយក្នុងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការដាក់សម្ពាធលើ រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Nicolas Maduro។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាសែតអាមេរិក New York Times ដែលជាអ្នករាយការណ៍មុនគេពីបទបញ្ជាសម្ងាត់ខាងលើ និងដោយផ្អែកលើក្រុមមន្ត្រីអាមេរិកដែលបានដឹងពីបញ្ហានេះបានឱ្យដឹងថាយុទ្ធសាស្ត្រ របស់រដ្ឋបាលលោក ត្រាំ ចំពោះវ៉េណេស៊ុយអេឡា គឺមានគោលបំណងទម្លាក់លោក Maduro ចេញពីអំណាច។ រដ្ឋបាលលោក ត្រាំ ក៏បានប្រកាសផ្ដល់រង្វាន់ ៥០លានដុល្លារផងដែរ សម្រាប់ការផ្ដល់ព័ត៌មានទាំងឡាយណាដែលនាំទៅរកការចាប់ខ្លួនលោក Maduro មកកាត់ទោសតាមច្បាប់អាមេរិកពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន។

តាម New York Times បទបញ្ជាថ្មីខាងលើ នឹងអនុញ្ញាតឱ្យ CIA ដឹកនាំប្រតិបត្តិការយោធាក្នុងប្រទេសវ៉េណេស៊ុយអេឡា និងប្រតិបត្តិការផ្សេងទៀតក្នុងតំបន់សមុទ្រ Caribbean។ នៅពេលត្រូវបានសាកសួរអំពីការចុះផ្សាយព័ត៌មាននេះដែរ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថាហេតុផលរបស់លោក នោះគឺការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍របស់ប្រជាជន វ៉េណេស៊ុយអេឡា និងការរត់ពន្ធគ្រឿងញៀនចូលក្នុងសហរដ្ឋអាមេរិក។ «ខ្ញុំបានអនុញ្ញាតនៅក្រោមហេតុផលពិតជាក់ស្ដែងចំនួន២។ ទីមួយ៖ គឺពួកគេ (រដ្ឋាភិបាលវ៉េណេស៊ុយអេឡា) កំពុងបញ្ជូនអតីតអ្នកទោសចូលទៅក្នុងសហរដ្ឋអាមេរិក…ហើយរឿងមួយទៀត នោះគឺគ្រឿងញៀន»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ដោយមិនបាននិយាយអ្វីលម្អិតទេជុំវិញ ការអះអាងរបស់លោកថាវ៉េណេស៊ុយអេឡាកំពុងបញ្ជូនអតីតអ្នកទោសចូលទៅក្នុងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ជាប្រតិកម្មឆ្លើយតប រដ្ឋាភិបាលរបស់លោក Maduro បាននិយាយថាការអត្ថាធិប្បាយរបស់លោក ត្រាំ បានបំពានលើច្បាប់អន្តរជាតិ ហើយថាសកម្មភាពរបស់ សហរដ្ឋអាមេរិកមានគោលបំណងផ្ដួលរំលំរដ្ឋាភិបាលវ៉េណេស៊ុយអេឡាសព្វថ្ងៃ ដើម្បីរឹបអូស និងគ្រប់គ្រងធនធានប្រេងរបស់ប្រទេសមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង