កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើង៦នាក់ ដែលបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ

(កំពង់ស្ពឺ)​៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ក្រុមក្មេងទំនើងចំនួន៦នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអណាធិបតេយ្យធ្វើឲ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សារធារណៈជាច្រើនលើក នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ហើយបានបន្តបង្ហោះបង្អួតនៅលើបណ្តាញសង្គមទំនាក់ទំនងហ្វេសប៊ុកថែមទៀតផង។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមគោលការដឹកនាំយ៉ាងមុឺងម៉ាត់របស់​នាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់​លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងក្រោមការដឹកបញ្ជាដោយផ្ទាល់​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ និង​សម្រប​សម្រួល​នីតិវិធី​ពី​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ​ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។

ក្មេងទំនើងទាំង៦នាក់​ ដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានរួមមាន៖

*ទី១៖ឈ្មោះ ឈឿន ភីសា អាយុ១៩ឆ្នាំ
*ទី២៖ឈ្មោះ សាយ សុខលៀភ អាយុ១៦ឆ្នាំ
*ទី៣៖ឈ្មោះ រ៉េត សំណាង អាយុ១៧ឆ្នាំ
*ទី៤៖ឈ្មោះ ភឿន កក្កដា អាយុ១៧ឆ្នាំ
*ទី៥៖ឈ្មោះ អឿន រក្សា អាយុ១៧ឆ្នាំ
*ទី៦៖ ឈ្មោះ អេម សុជៀប អាយុ១៦ឆ្នាំ។

វត្ថុតាងដកហូតបាន ម៉ូតូចំនួន២គ្រឿង (ម៉ាក Honda dream ឆ្នាំ២០២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ និងម៉ាក NEX ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ1Z-7639) និងទូរស័ព្ទដៃចំនួន៥គ្រឿង។ បច្ចុប្បន្ន ក្មេងទំនើងទាំង៦នាក់ ​ត្រូវបានកម្លាំងជំនាញបានធ្វើការណែអប់រំ និង​ធ្វើ​កិច្ចសន្យាបញ្ឈប់នូវសកម្មភាពទាំងនេះទៀត ហើយក៏បានឲ្យអាណាព្យាបាលមកធានា ឲ្យត្រលប់ទៅលំនៅដ្ឋានវិញ ចំណែកម៉ូតូបានដកហូត គឺរក្សាទុករយៈពេល៣ខែ នៅបញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​៕

អត្ថបទដែលជាប់ទាក់ទង