សោកនាដកម្មដ៏អាក្រក់បំផុតក្នុងបាល់ទាត់​បណ្តាលឱ្យ​មនុស្ស៧៤​នាក់​ស្លាប់ និង​១១​នាក់​ត្រូវ​​ប្រហារ​ជីវិត

សោកនាដកម្មដ៏អាក្រក់មួយក្នុងវិស័យកីឡាបាល់ទាត់បានកើតឡើងក្នុងប្រទេសអេហ្ស៊ីប ដែលបណ្តាលឱ្យអ្នកគាំទ្ររាប់រយនាក់ស្លាប់ និងរងរបួស និងឈានដល់បិទកីឡានេះក្នុងប្រទេសទាំងស្រុង។

កាលពី ១៣ ឆ្នាំមុន ការប៉ះទង្គិចគ្នាមួយរវាងក្រុម Al Masry និង Al Ahly នៃលីគកំពូលអេហ្ស៊ីប បានប្រែក្លាយវិស័យកីឡាបាល់ទាត់ប្រទេសអាហ្វ្រិកមួយនេះទៅជាខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។

សោកនាដកម្មដ៏រន្ធត់បំផុតនោះ បានបណ្តាលឱ្យអ្នកគាំទ្រស្លាប់ ៧៤នាក់ និង ១១នាក់ ត្រូវបានកាត់ទោសប្រហារជីវិត។ការប្រកួតកីឡាបាល់ទាត់ក្នុងប្រទេសអាហ្ស៊ីប ក៏សម្រេចឱ្យបិទទាំងស្រុងផងដែរ។

ហេតុការណ៍ដ៏តានតឹងនោះ កើតឡើងក្រោយក្រុមអ្នកគាំទ្រ Al Masry ultras បង្ហោះបទចម្រៀងនៅលើ YouTube គំរាមកំហែងដល់អាយុជីវិតរបស់អ្នកគាំទ្រគូប្រជែង ដោយបានព្រមានពីគ្រោះថ្នាក់ដែលអាចកើតមានក្នុងការប្រកួត។

ក្រោមការគំរាមកំហែងរបស់ Al Masry ultras អ្នកគាំទ្រ Al Ahly ត្រូវបានបង្ខំឱ្យប្រើមធ្យោបាយធ្វើដំណើរទៅទីតាំងប្រកួត ដោយមានរថយន្តយោធាជួយដឹកជញ្ជូនពួកគេពីស្ថានីយ៍រថភ្លើងទៅកាន់កីឡដ្ឋាន Port Said។

យ៉ាងណាក៏ដោយ ទោះមានការការពារតឹងរឹងក្នុងជំនួបនោះ ក៏មិនអាចរារាំង ក្នុងអ្នកគាំទ្ររបស់ក្រុមនៃលីគកីឡាបាល់ទាត់កំពូលអេហ្ស៊ីបទាំងពីរ បានឡើយ ហើយបានឈានដល់បង្កទៅជាសោកនាដកម្មដ៏អាក្រក់បំផុត។

មុនពេលការប្រកួតចាប់ផ្តើមបាន អ្នកគាំទ្រAl Masry បានសម្រុកចូលទីលាន ដែលបង្ខំចិត្តត្រូវបានពន្យារពេល៣០នាទី។ ក្រោយដំណើរការប្រកួតបានពាក់កណ្តាលវគ្គទី១ និងបន្ទាប់ពីការស៊ុតបញ្ចូលទីក្នុងតង់ទី ៣ របស់ Al Masry អ្នកគាំទ្រក្រុមម្ចាស់ផ្ទះបានសម្រុកចូលទីលានម្តងទៀត។

ក្រោយបញ្ចប់ការប្រកួត ក្នុងលទ្ធផល ៣-១អ្នកគាំទ្រ Masry បានគប់ដប និងកាំជ្រួចដាក់កីឡាករ Ahly ដោយបង្ខំពួកគេត្រឡប់ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ក្រោមការការពាររបស់ប៉ូលិស។ ស្របពេលនោះដែរ អ្នកគាំទ្រក្រុមភ្ញៀវត្រូវរងការវាយប្រហារដោយការប៉ះទង្គិចគ្នាដោយកាំបិត និងដុំថ្មជាដើម។

ការប៉ះទង្គិចគ្នាដ៏រន្ធត់នោះ អ្នកគាំទ្រមួយចំនួនត្រូវចាក់នឹងកាំបិត អ្នកខ្លះទៀតត្រូវគេចាប់បោះពីលើកន្លែងឈរនៅពេលពួកគេព្យាយាមរត់គេច។ ទីបំផុតបានបណ្តាលឲ្យមនុស្សស្លាប់ ៧៤នាក់ និងរាប់រយនាក់ទៀតរបួសធ្ងន់ធ្ងរ។

គ្រូបង្វឹក Ahly លោក Manuel Jose និងកីឡាករ Mohamed Aboutrika ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ពូកគេបានមើលអ្នកគាំទ្រខ្លួនត្រូវបានសម្លាប់នៅក្នុងបន្ទប់ផ្លាស់សម្លៀងកបំពាក់។ ឃើញហេតុការណ៍ដ៏រន្ធត់ផ្ទាល់ភ្នែក បានបង្ខំ Aboutrika ចូលនិវត្តន៍ពីអាជីពបាល់ទាត់តែម្តង។

ក្រោយសោកនាដកម្មដ៏អាក្រកជាប្រវត្តិសាស្រ្តបាល់ទាត់អេហ្ស៊ីបក្នុងពហុកីឡដ្ឋានPort Said ការប្រកួតដែលនៅសល់ក្នុងរដូវកាលនោះទាំងអស់ត្រូវលុបចោល។

ជនជាប់ចោទ ៧៣នាក់ រួមទាំងមន្រ្តីប៉ូលិស ៩នាក់ និងមន្រ្តីក្លិប Al Masry ២នាក់ត្រូវបានចោទប្រកាន់ពីបទសម្លាប់អ្នកគាំទ្រ Ahly ចំនួន ៧២ នាក់។

ក្នុងចំណោមជនជាប់ចោទទាំងអស់ មាន១១នាក់ត្រូវបានកាត់ទោសប្រហារជីវិត ៥នាក់ជាប់គុកមួយជីវិត និង ១០នាក់ជាប់គុក ១៥ ឆ្នាំ ខណៈ ២៨ នាក់ត្រូវបានលើកលែងទោស រួមទាំងមន្រ្តីប៉ូលិស ៧នាក់ផង។ នេះត្រូវបានចាត់ទុកជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតក្នុងក្នុងកីឡាបាល់ទាត់

រហូតដល់ឆ្នាំ ២០១៨ ទើបលីគកំពូលអាហ្ស៊ីបអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលកីឡដ្ឋានឡើងវិញ។

កាលពីឆ្នាំ ២០២២ នៅលីគកំពូលឥណ្ឌូណេស៊ី ក៏មានអ្នកគាំទ្រដល់ទៅ ១២៥នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងកុប្បកម្ម និងការរត់ជាន់គ្នានៅកីឡដ្ឋាន។ ប៉ុន្តែហេតុការណ៍នេះ មិនត្រូវបានចាត់ទុកជាសោកនាដកម្មអាក្រក់ជាង នៅអាហ្ស៊ីបឡើយ៕

អត្ថបទដែលជាប់ទាក់ទង