សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ច្បាស់ថា កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាដែលធ្វើឱ្យបាត់បង់ទឹកដីឡើយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះថា រាជរដ្ឋាភិបាលកម្ពុជា មិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ រួមទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ ដែលធ្វើឱ្យបាត់បង់ទឹកដីនោះឡើយ។ ការអះអាងនេះ បន្ទាប់ពីមានការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គមដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងធ្វើឱ្យកម្ពុជាបាត់ទឹកដី។

សម្តចធិបតី នាយករដ្ឋមន្រ្តី បានអះអាងថា កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខខណ្ឌ និងក្រមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំឱ្យមានការបាញ់គ្នាឡើងវិញ។ កិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំលក្ខខណ្ឌ និងក្រមប្រតិបត្តិនានាសម្រាប់បង្កើត និងធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះ និងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេស និងប្រទេស។ សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត បើទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះ មិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដី ឬព្រំដែន ក៏មិនមែនបានន័យថា ភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។ ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ(JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជា-ថៃ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី គូសបញ្ជាក់យ៉ាងច្បាស់ថា៖«ទី១.កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព(ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ) ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។ ទី២.រាជរដ្ឋាភិបាលកម្ពុជា ក៏មិនដែលបានភ្លេច ឬបោះបង់កាតព្វកិច្ច និងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដែរ»។

សូមជម្រាបជូនថា កម្ពុជា និងថៃ នឹងចុះកិច្ចព្រមព្រៀងសន្តិភាពនៅចុងខែតុលា ឆ្នាំ២០២៥នេះ ដោយមានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្វើជាសាក្សី។ កិច្ចព្រមព្រៀងសន្តិភាពនេះ គឺកើតចេញពីជំនួបពិភាក្សាចតុភាគី មានកម្ពុជា ថៃ ម៉ាឡេស៊ី និងអាមេរិក កាលពីថ្ងៃទី១៧ ខែតុលា។ កិច្ចព្រមព្រៀងសន្តិភាពនេះមាន១០ចំណុចដែលបានឯភាពគ្នា គឺ១.ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការគោរពបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ២.ការគោរពគ្នាទៅវិញទៅមក ជាពិសេស ការគោរពគោលការណ៍នៃអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យរបស់ប្រទេសនីមួយៗ ៣.ការតាំងចិត្តសម្រាប់ការស្តារទំនុកទុកចិត្តរវាងគ្នាទៅវិញទៅមក (ការស្តារទំនាក់ទំនងការទូតឡើងវិញ ដោយសារកន្លងទៅប្រទេសទាំង២បានទម្លាក់កម្រិតការទូតមកត្រឹមថ្នាក់លេខាធិការរបស់ស្ថានទូត) ៤.ការរួមគ្នា និងសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងនោះ ក៏មានបញ្ហាការឆបោកតាមបច្ចេកវិទ្យា (Online Scam) និង៥.ការបោសសម្អាតមីននៅតាមព្រំដែន (ក្រុមការងារនឹងធ្វើការកំណត់តំបន់ណាត្រូវដោះមុន តំបន់ណាត្រូវដោះក្រោយ)។
៦.ការដកអាវុធធុនធ្ងន់ទាំងឡាយចេញពីព្រំដែន ហើយបញ្ជូនទៅកាន់មូលដ្ឋានទ័ពរៀងៗខ្លួនវិញ ៧.ភាគីថៃ នឹងដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវចាប់ខ្លួនតាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមិនរង់ចាំទៀតទេ ៨.ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ៩.ការគោរពនូវគោលការណ៍មិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាជម្លោះផ្សេងៗ និង១០.ការអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណារួមគ្នាក្នុងឋានៈជាប្រទេសជិតខាងអចិន្ត្រៃយ៍ ក្នុងការស្តារទំនាក់ទំនងជាប្រក្រតីភាពឡើងវិញ នាំមកវិញនូវសុខសន្តិភាព វិបុលភាព សម្រាប់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ៕

