ទីបំផុត ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ព្រមព្រៀងបទឈប់បាញ់ហើយ
តាមការចុះផ្សាយពីសារព័ត៌មាន Aljazeera នាថ្ងៃអាទិត្យទី១៩ តុលា អាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបានព្រមព្រៀងបទឈប់បាញ់គ្នាភ្លាមៗ បន្ទាប់ពីកិច្ចចរចាសម្របសម្រួលដោយកាតា និងតួកគី ក្រោយការប៉ះទង្គិចគ្នាយ៉ាងសាហាវ និងបានសម្លាប់ជនស៊ីវិលរាប់សិបនាក់ នៅតាមព្រំដែនដែលមានជម្លោះរបស់ពួកគេ។

សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសកាតាបាននិយាយកាលពីព្រឹកមិញថា អាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបានយល់ព្រមលើបទឈប់បាញ់ និងការបង្កើតយន្តការដើម្បីពង្រឹងសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ ជាក់ស្ដែង ប្រទេសទាំងពីរក៏បានយល់ព្រមរៀបចំកិច្ចប្រជុំបន្តនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីធានានិរន្តរភាពនៃបទឈប់បាញ់ និងផ្ទៀងផ្ទាត់ការអនុវត្តរបស់ខ្លួនក្នុងលក្ខណៈដែលអាចទុកចិត្តបាន និងនិរន្តរភាព។
យ៉ាងណាមិញ នៅមុនពេលដែលព្រមព្រៀងបទឈប់បាញ់ ភាគីទាំងពីរបាននិយាយថា ពួកគេកំពុងរៀបចំកិច្ចចរចាសន្តិភាពនៅទីក្រុងដូហាកាលពីថ្ងៃសៅរ៍ ខណៈដែលពួកគេស្វែងរកផ្លូវឆ្ពោះទៅមុខ បន្ទាប់ពីការប៉ះទង្គិចគ្នាបានសម្លាប់មនុស្សរាប់សិបនាក់ និងរាប់រយនាក់រងរបួស នៅក្នុងអំពើហិង្សាដ៏អាក្រក់បំផុតរវាងប្រទេសជិតខាងអាស៊ីខាងត្បូងទាំងពីរចាប់តាំងពីក្រុមតាលីបង់បានដណ្តើមអំណាចនៅទីក្រុងកាប៊ុលក្នុងឆ្នាំ ២០២១។
នៅក្នុងជំនួបស្វែងរកសន្តិភាពនេះដែរ គណៈប្រតិភូមកពីប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបានស្ថិតនៅក្នុងទីក្រុង ដូហា ដើម្បីពិភាក្សាគ្នាដើម្បីដោះស្រាយវិបត្តិដ៏សាហាវបំផុតរវាងពួកគេក្នុងរយៈពេលជាច្រើនឆ្នាំ។ ការចរចានេះទៀតសោត ត្រូវបានសម្របសម្រួលដោយកាតា និងតួកគី។
ទន្ទឹមពេលដែលរដ្ឋាភិបាលទាំងពីរបានបញ្ជូនរដ្ឋមន្ត្រីការពារជាតិរបស់ពួកគេទៅដឹកនាំកិច្ចចរចារៀងៗខ្លួន ប៉ាគីស្ថានបាននិយាយថា នឹងផ្តោតលើវិធានការភ្លាមៗដើម្បីបញ្ចប់អំពើភេរវកម្មឆ្លងព្រំដែនដែលហូរចេញពីអាហ្វហ្គានីស្ថាន និងស្តារសន្តិភាព និងស្ថិរភាពនៅតាមព្រំដែឡើងវិញ។
ការប្រយុទ្ធគ្នាឆ្លងព្រំដែនរវាងសម្ព័ន្ធមិត្តតែមួយដង និងការវាយប្រហារតាមអាកាសប៉ាគីស្ថាននៅតាមបណ្តោយព្រំដែនដែលមានចម្ងាយ ២,៦០០គីឡូម៉ែត្រ បានបង្កឡើងបន្ទាប់ពីទីក្រុងអ៊ីស្លាម៉ាបាដ បានទាមទារឲ្យក្រុងកាប៊ុល កាន់កាប់ក្រុមឧទ្ទាមដែលបានបង្កើនការវាយប្រហារឆ្លងព្រំដែននៅក្នុងប្រទេសប៉ាគីស្ថាន ដោយនិយាយថា ក្រុមអ្នកប្រយុទ្ធកំពុងប្រតិបត្តិការពីទីជម្រកសុវត្ថិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ដោយឡែក ក្រុមតាលីបង់បានបដិសេធការផ្តល់ជម្រកដល់ក្រុមប្រដាប់អាវុធដើម្បីវាយប្រហារប៉ាគីស្ថាន ហើយបានចោទប្រកាន់យោធាប៉ាគីស្ថានថាផ្សព្វផ្សាយព័ត៌មានមិនពិតអំពីអាហ្វហ្គានីស្ថាន និងផ្តល់ជម្រកដល់ក្រុមយុទ្ធជនដែលមានទំនាក់ទំនងជាមួយក្រុម ISIL (ISIS) ដែលបានបំផ្លាញស្ថិរភាព និងអធិបតេយ្យភាពរបស់ប្រទេស៕
