យន្តហោះដឹកជញ្ជូនទំនិញ១គ្រឿង រត់ហួសផុតផ្លូវធ្លាក់ចូលទឹក ពេលចុះចតនៅទីក្រុងហុងកុង

(ហុងកុង)៖ ប្រតិបត្តិករអាកាសយានដ្ឋានទីក្រុងហុងកុង នាថ្ងៃចន្ទ ទី២០ ខែតុលា បានឱ្យដឹងថា យន្តហោះដឹកជញ្ជូនទំនិញ១គ្រឿង មកពីទីក្រុងឌូបៃ បានរត់ហួសផុតផ្លូវចុះចត ហើយធ្លាក់ចូលទៅក្នុងទឹក អំឡុងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ពីមនុស្សស្លាប់២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ឧប្បត្តិហេតុខាងលើ បានកើតឡើងកាលពីវេលាម៉ោងជិត៤ទាបភ្លឺ ម៉ោងនៅហុងកុង នាថ្ងៃចន្ទនេះ ហើយស្ថានភាពយន្តហោះ ក្រោយពេលកើតហេតុ គឺត្រូវបានឃើញថា ក្បាលនិងកន្ទុយដាច់ចេញពីគ្នា។ ទោះជាបែបនេះក្តី ក្រុមការងារយន្តហោះទាំង៤នាក់ ត្រូវបានជួយសង្រ្គោះ ខណៈបុគ្គលិកព្រលានយន្តហោះម្នាក់ ក៏ត្រូវបានជួយសង្រ្គោះផងដែរ ប៉ុន្តែម្នាក់ផ្សេងទៀតបាត់ខ្លួន។ ដោយឡែក កាសែតហុងកុង South China Morning Post បានរាយការណ៍ថា មានបុរស២នាក់ស្លាប់ ដែលស្ថិតក្នុងយានជំនិះនៅលើដី។

គួរបញ្ជាក់ថា យោងតាមវែបសាយ Flightradar24 យន្តហោះដែលជួបឧប្បត្តិហេតុខាងលើ គឺជាយន្តហោះដឹកជញ្ជូនទំនិញប្រភេទ Boeing 747 និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍តួកគីយ៉េ AirACT៕

អត្ថបទដែលជាប់ទាក់ទង