ក្រោយចុះកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃទី ២៦ តុលា ក៏នឹងបង្កលក្ខណៈមានការដោះលែងទាហានកម្ពុជាទាំង ១៨ នាក់មកផ្ទះវិញ
នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និង ជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC) បានប្រកាសស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាព ដែលគ្រោងចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ខណៈសភាពការណ៍នេះ ក៏បង្កលក្ខណៈចំពោះការដោះលែងទាហានកម្ពុជា ១៨ នាក់ ក្រោមកិច្ចព្រមព្រៀងសន្តិភាពនេះ។
ក្នុងនោះ នៅក្នុងឱកាសបង្ហាញលទ្ធផលកិច្ចប្រជុំពិសេសលើកទី ២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅលើទឹកដីប្រទេសម៉ាឡេស៊ី ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងយ៉ាងដូច្នេះថា ៖ «ខ្ញុំសូមសាទរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និង កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា និង ថៃ ដែលគ្រោងនឹងចុះហត្ថលេខា នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការជួយសម្របសម្រួលដោយសហរដ្ឋអាមេរិក និង ប្រទេសម៉ាឡេស៊ី»។
ឧបនាយករដ្ឋមន្ត្រី បានបន្តថា ៖ «ការចូលរួមសម្រសម្រួលពីសំណាក់សហរដ្ឋអាមេរិក និង ប្រទេសម៉ាឡេស៊ី គឺជាស្មារតីបង្កើតជំនឿទុកចិត្ត និង ភាពជឿជាក់គ្នាទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្ត ធ្វើឱ្យប្រសើរឡើងវិញនៃទំនាក់ទំនង និង ការវិលត្រឡប់ទៅប្រក្រតីភាពឡើងវិញនៃប្រទេសទាំងពីរ»។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ដែរថា ៖ «សភាពការណ៍នេះ ក៏នឹងបង្កលក្ខណៈចំពោះការដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់ ក្រោមការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ភាគីកម្ពុជា និង ថៃ ថានឹងរៀបចំកិច្ចប្រជុំពិសេសលើកទី ៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅក្នុងរយៈពេល ៩០ ថ្ងៃ ឬ តាមសេចក្តីត្រូវការចាំបាច់ណាមួយបន្ទាប់ពីកិច្ចប្រជុំនេះ ដោយប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ»៕



