Online Scams! កម្ពុជា បន្តបង្ក្រាបបានជនបរទេស៨៦នាក់ ក្រោមក្រសែភ្នែកតំណាងរាស្ត្រកូរ៉េខាងត្បូង
ភ្នំពេញ៖ ជនបរទេសចំនួន ៨៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះបង្ក្រាប ទីតាំងសង្ស័យលួចប្រព្រឹត្តបទល្មើសឆបោកអនឡាញ (online scams) ស្ថិតនៅអគារសេះស ក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ នេះបើតាមការផ្សាយរបស់ក្រសួងព័ត៌មាន ដែលបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាប នៅរសៀលថ្ងៃទី២២ ខែតុលានេះ មានការចូលរួមដោយផ្ទាល់ ពីក្រុមតំណាងកូរ៉េខាងត្បូង។
ក្រសួងព័ត៌មាន បានបញ្ជាក់ដូច្នេះថា៖ «ការចុះបង្ក្រាបនេះ ភាគីកម្ពុជា ក៏បាននាំគណៈប្រតិភូពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក KIM SEOK-KI តំណាងរាស្ត្រខាងបក្សប្រឆាំង រួមជាមួយតំណាងរាស្ត្រគណបក្សដឹកនាំរដ្ឋាភិបាល ទៅពិនិត្យដល់ទីតាំងផ្ទាល់ដែរ។»។
ក្នុងចំណោមជនសង្ស័យទាំង៨៦នាក់ មានជនជាតិកូរ៉េខាងត្បូង ៥៧នាក់ និងជនជាតិ២៩នាក់។ ចំណែក វត្ថុតាងដែលសមត្ថកិច្ចដកហូតបានក្នុងប្រតិបត្តិការនេះ រួមមាន កុំព្យូទ័រ១២៦ គ្រឿង និងទូរសព្ទដៃ ៣០គ្រឿង។ ក្រសួងព័ត៌មានឱ្យដឹងដូច្នេះ រួចបន្ថែមថាសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញរាល់ភស្តុតាងនានាពាក់ព័ន្ធនឹងការឆបោកអនឡាញ ទៅគណៈប្រតិភូកូរ៉េ និងលទ្ធផលកោសល្យវិច័យ លើឧបករណ៍បច្ចេកទេស ព្រមទាំងទីតាំងប្រព្រឹត្តបទល្មើសជាក់ស្តែង។
សមត្ថកិច្ចជំនាញ បានអះអាងថា ក្រោយទទួលព័ត៌មាន និងពិនិត្យឃើញដោយផ្ទាល់ គណៈប្រតិភូតំណាងរាស្ត្រកូរ៉េ យល់ច្បាស់ថា ជនជាតិកូរ៉េទាំងនេះ មិនមានការបង្ខាំង បង្ខិតបង្ខំឡើយ គឺពួកគេប្រព្រឹត្តសកម្មភាពល្មើសច្បាប់ដោយខ្លួនឯង។
លោក KIM SEOK-KI តំណាងគណៈប្រតិភូកូរ៉េខាងត្បូង បានស្នើដល់ភាគីកម្ពុជា ឱ្យបន្ត ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជន និងផ្តល់កិច្ចអន្តរាគមន៍ជួយសង្គ្រោះជនជាតិកូរ៉េ ដែលជា អ្នករងគ្រោះ ដោយការចាញ់បោកមេខ្លោង នៃឧក្រិដ្ឋកម្មឆបោកអនឡាញនេះ។
ទន្ទឹងនឹងនេះ លោក KIM សន្យាបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយក៏សន្យាជួយផ្សាយនូវលទ្ធផលដែលបានឃើញនៅកម្ពុជា ដល់ពលរដ្ឋកូរ៉េ ដើម្បីកុំឱ្យមានការយល់ច្រឡំ។ លោក KIM SEOK-KI បានលើកឡើងដូច្នេះ៖ «នៅពេលត្រឡប់ទៅប្រទេសវិញ នឹងយកលទ្ធផលនេះ ទៅផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ ដើម្បីកុំឱ្យមានការយល់ច្រឡំលើ កម្ពុជាជុំវិញបញ្ហា Online scams»។
កាលពីថ្ងៃទី១៦ ខែតុលា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជួប ពិភាក្សាការងារជាមួយ លោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូង។ ក្នុងជំនួបនោះ ប្រមុខរាជរដ្ឋាភិបាល អះអាងថា ប្រទេសទាំងពីរ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងកិច្ចសហការទ្វេភាគី ដើម្បីដោះស្រាយបញ្ហាឆបោកអនឡាញ ពិសេសពាក់ព័ន្ធនឹងជនជាតិកូរ៉េនៅកម្ពុជា។ ការមកដល់របស់លោកស្រី ជីណា ក៏ដោយសារថ្មីៗនេះ មានសំណុំរឿងនិស្សិតកូរ៉េម្នាក់ស្លាប់នៅកំពត ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ។
នៅថ្ងៃទី១៨ ខែតុលា លោកស្រី ជីណា ក៏ជួបជាមួយ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែរ។ ក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរ បានជជែកគ្នាត្រង់ទៅត្រង់មក ក្នុងស្មារតីសហប្រតិបត្តិការខ្ពស់ ហើយឯកភាពលើចំណុចសំខាន់ៗចំនួន៣ ដើម្បីផ្ដល់ថាមពលបន្ថែមទៀត ដល់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។
ចំណុចលម្អិត គឺកម្ពុជា-កូរ៉េ ព្រមព្រៀងគ្នា នឹងបង្កើតក្រុមការងារ Task Force ដូចដែលកម្ពុជាធ្លាប់ធ្វើជាមួយបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីជំរុញសន្ទុះការងារឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ក្នុងយន្តការនេះ កូរ៉េ សន្យាផ្ដល់ការគាំទ្រលើការងារបណ្ដុះបណ្ដាល បំប៉នសមត្ថភាព ចែករំលែកព័ត៌មាន និងផ្លាស់ប្ដូរបទពិសោធ ជាមួយមន្រ្តីជំនាញកម្ពុជា ។ ភាគីកូរ៉េ ក៏នឹងផ្ដល់បញ្ជីមុខសញ្ញាឧក្រិដ្ឋជន រួមទាំងជនបរទេសជាមេខ្លោង នៃអំពើ ឆបោកតាមប្រព័ន្ធអនឡាញ ដល់ក្រសួងមហាផ្ទៃកម្ពុជា ដើម្បីឱ្យខ្មែរពិនិត្យទិដ្ឋភាពច្បាប់ដាក់ក្នុងបញ្ជីខ្មៅ ហាមប្រាមចូលក្នុងប្រទេសផងដែរ។
សូមជម្រាបថា រយៈពេលជាង២ឆ្នាំមកនេះ អាជ្ញាធរកម្ពុជាបានបណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញជាង ១៥ ០០០នាក់។ នេះជាការអះអាងរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ នៅថ្ងៃទី៨ ខែតុលា៕

