ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាកចេញពីសេតវិមានឡើងយន្តហោះ ឆ្ពោះមកកាន់ម៉ាឡេស៊ីត្រៀមធ្វើសាក្សីការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាកចេញពីសេតវិមានឡើងយន្តហោះ ឆ្ពោះមកកាន់ម៉ាឡេស៊ីហើយ នៅយប់ថ្ងៃ២៤ តុលា (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដែលនឹងប្រព្រឹត្តទៅក្នុងរាជធានីគូឡាឡាំពួ ពីថ្ងៃ២៦ ដល់ថ្ងៃ២៧ តុលា។ ជាពិសេស លោកនឹងធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា និងថៃ នេះបើតាមសារព័ត៌មាន AP បានចុះផ្សាយ។

នៅក្នុងដំណើរនេះដែរ លោកអាចនឹងមកដល់ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃអាទិត្យទី២៥ តុលា ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម មុនគេបង្អស់ មុននឹងបន្តកិច្ចការដូចការគ្រោងទុកពីមុនមករបស់លោក។

លោកត្រាំ ត្រូវបានគេដឹងថាជាអ្នកជំរុញឲ្យបង្កើតកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ហើយបំណងធំបំផុតរបស់លោក ដែលមកកាន់ប្រទេសម៉ាឡេស៊ី ពោលដើម្បីចូលរួមចុះហត្ថលេខាក្នុងនាមជាសាក្សីលើកិច្ចព្រមព្រៀងសន្តិភាពនេះ។ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ កម្ពុជា-ថៃ ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ដ៏ធំ ដើម្បីនាំមកនូវសន្តិភាព បញ្ចប់ជម្លោះព្រំដែន។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និង​លោកត្រាំ បាន​ជួយ​សម្រុះសម្រួល​បទ​ឈប់​បាញ់​បឋម កាលពី​ថ្ងៃទី២៨ ខែ​កក្កដា។ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​​ថ្លែងថា លោកត្រាំ ក៏ទន្ទឹង​រង់ចាំ​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​អាស៊ាន​នេះដូចគ្នាដែរ។

យ៉ាងណាមិញ បន្ទាប់ពីបំពេញភារកិច្ចលើទឹកដីម៉ាឡេស៊ីចប់ភ្លាម ប្រធានាធិបតីអាមេរិករូបនេះនឹងបន្តហោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីជួបប្រធានាធិបតីចិន ស៊ី ជីនពីង នៅខាងក្រៅកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលគ្រោងធ្វើនៅទីក្រុង Busan នេះបើយោងតាមមន្ត្រីអាមេរិកបានបញ្ចាក់នាមុននេះបន្តិច៕

អត្ថបទដែលជាប់ទាក់ទង