រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រើពេល៣ខែ ដើម្បីបញ្ចប់ការសាងសង់ប្រព័ន្ធរំដោះទឹក នៅវិមានព្រឹទ្ធសភា

មន្រ្តីជំនាញនៃរដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា​ ក្រុមការងារបច្ចេកទេសនឹងប្រើរយៈពេល ៣ ខែ ដើម្បីសាងសង់ប្រព័ន្ធរំដោះទឹក នៅវិមានព្រឹទ្ធសភា ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុងខែ កុម្ភៈ ឆ្នាំ ២០២៦ ខាងមុខនេះ។ ការសាងសង់ និងជួសជុលប្រព័ន្ធរំដោះទឹកនេះ ដោយសារបច្ចុប្បន្នផ្នែកខ្លះក្នុងទីតាំងវិមានព្រឹទ្ធសភា រងការជន់លិចដោយសារជំនន់ទឹកភ្លៀង។

ការបញ្ជាក់បរិច្ឆេទបញ្ចប់ការសាងសង់នេះ ធ្វើឡើងនាឱកាស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ប្រព័ន្ធរំដោះទឹក នៅវិមានព្រឹទ្ធសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខ និងទទួលបានជោគជ័យក្នុងការបើកការដា្ឋន នាព្រឹកថ្ងៃទី ២៧ ខែតុលា ២០២៥។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយការសិក្សាលម្អិតពីក្រុមការងារបច្ចេកទេស ក្នុងទីតាំងវិមានព្រឹទ្ធសភា ឃើញថា ទិន្ន័យផ្ទៃក្រឡាទំហំ១៧ ០០០ម៉ែត្រការ៉េ បានលិចដោយបរិមាណទឹកភ្លៀងនិងបរិមាណទឹកដែលច្រាលចេញពី លូរដ្ឋមុខកាត់១,៥ម៉ែត្រ ហូរចូលក្នុងទីតាំងវិមានព្រឹទ្ធសភា។ ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចសាងសង់ប្រព័ន្ធរំដោះទឹកក្នុងវិមានព្រឹទ្ធសភានេះ។ មន្ត្រីដដែលបានបញ្ជាក់ថា៖« គម្រោងខាងលើនេះអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ ដែលនឹងប្រើប្រាស់ពេលវេលានៃការស្ថាបនារយៈពេល ៣ខែ ដោយគិតចាប់ពីថ្ងៃទី ០១ វិច្ឆិកា២០២៥ នឹងត្រូវបញ្ចប់នៅថ្ងៃទី ០១ កុម្ភៈឆ្នាំ២០២៦»៕

រដ្ឋបាលរាជធានី បានឱ្យដឹងថា ការដ្ឋាននេះ ជាគម្រោងនឹងត្រូវសាងសង់លូមូល មុខកាត់ទំហំ១ម៉ែត្រភ្ជាប់ទីតាំងរីហ្គែរចាស់មានស្រាប់ចូលទីតាំងរីហ្គែរបេតុងថ្មី ជាប់អាងស្តុកទឹក នឹងតភ្ជាប់លូមូលមុខកាត់១ម៉ែត្រចូលរីហ្គែរបេតុងទ្វារទឹកថ្មីដែលលូមូលមុខកាត់១ម៉ែត្រមានប្រវែងសរុប ៣០ ម៉ែត្រ។ សាងសង់អាងស្តុកទឹកភ្លៀងទំហំ ៧៥ម៉ែត្រគុណ៤ម៉ែត្រ នឹងមានកម្ពស់ ៣.២ម៉ែត្រ។

លើសពីនេះ នឹងមានការសាងសង់អាងស្តុកទឹកភ្លៀងធ្វើពីបេតុងឆ្អឹងដែក មានប្រវែង ៧៥ ម៉ែត្រទទឹង៤ម៉ែត្រ កម្ពស់៣.២ម៉ែត្រ អាចស្តុកទឹកភ្លៀងបណ្តោះអាសន្នបានទំហំ ៩៦០ម៉ែត្រគូប។ តម្លើងម៉ូទ័របូមទឹកចំនួន ៣គ្រឿង នឹងតម្លើង​ត្រង់ស្នូរ ២៥០kva ភ្ជាប់ចូលទូរបញ្ជាម៉ូទ័របូម។ ម៉ូទ័របូមទឹកចំនួន៣គ្រឿង អាចបូមទឹកបានបរិមាណមធ្យមចន្លោះពី ២៤០០ម៉ែត្រគូបទៅ ៣០០០ម៉ែត្រគូបក្នុងមួយម៉ោង ដែលម៉ូទ័របូមទឹក ១គ្រឿង មានទំនង់ ៧០០គីឡូក្រាម។ ចាក់បេតុឆ្អឹងដែកកម្រាស់១៥សង់ទីម៉ែត្រ ក្រឡាផ្ទៃ ៥០០ម៉ែត្រការ៉េនឹងកៅស៊ូ AC កម្រាស់៥០មីលីម៉ែត្រ មានក្រឡាផ្ទៃ ១០០០ម៉ែត្រការ៉េ។ ចាក់បេតុងបន្ថែមភ្ជាប់បេតុងអាងទឹកអោយបានទំហំទទឹង៦ម៉ែត្រ នឹងការងារអ៊ុតកៅស៊ូ AC កម្រាស់ ៥០ម៉ែត្រទទឺង៦ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង