ក្រោយចប់ដំណើរមកចូលរួមកិច្ចប្រជុំអាស៊ានក្នុងទីក្រុងគូឡាឡាំពួ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សរសើរម៉ាឡេស៊ី ថាជាប្រទេសដ៏អស្ចារ្យ

ក្រោយចប់ដំណើរមកចូលរួមកិច្ចប្រជុំអាស៊ានក្នុងទីក្រុងគូឡាឡាំពួ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញ​ Truth Social ដោយសរសើរម៉ាឡេស៊ី ថាជាប្រទេសដ៏អស្ចារ្យ។

តាមការផ្សាយរបស់ Bernama នៅថ្ងៃចន្ទទី២៧ខែតុលាឆ្នាំ២០២៥ លោកត្រាំ បង្ហោះសារថា៖ «ទើបតែចាកចេញពីម៉ាឡេស៊ី ដែលជាប្រទេសដ៏អស្ចារ្យនិងមានភាពរស់រវើកខ្លាំង។ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងរ៉ែដ៏សំខាន់ៗ ហើយកាលពីម្សិលមិញ អ្វីដែលសំខាន់បំផុតនោះគឺ បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពរវាងថៃ និងកម្ពុជា។ គ្មានសង្គ្រាមទៀតទេ! ជីវិតមនុស្សរាប់លាននាក់ត្រូវបានជួយសង្គ្រោះ។ ពិតជាកិត្តិយសណាស់ដែលបានសម្រេចកិច្ចការនេះ។ ឥឡូវ ខ្ញុំចេញទៅកាន់ប្រទេសជប៉ុនហើយ!!!»។

សូមជម្រាបជាថ្មី លោក ត្រាំ បានមកដល់ ម៉ាឡេស៊ី នាប្រមាណម៉ោង ១០ ព្រឹក ថ្ងៃអាទិត្យទី២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ហើយក៏ចាកចេញនៅម៉ោង ១០:០៦ នាទីព្រឹកថ្ងៃចន្ទ។

នៅក្រៅកិច្ចប្រជុំកំពូល លោក ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួជាប្រវត្តិសាស្ត្រ រវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul។

ក្នុងអំឡុងពេលនោះ លោកត្រាំក៏បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេស កម្ពុជា និងថៃ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង