អាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជា លើការដោះលែងទាហាន របស់កម្ពុជា ឱ្យបានឆាប់ៗ
បរទេស៖ មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិករំពឹងថា ប្រទេសថៃនឹងធ្វើការ ជាមួយកម្ពុជាដើម្បីចាប់ ផ្តើមដោះលែង ទាហានកម្ពុជា១៨នាក់ភ្លាមៗ បន្ទាប់ពីមេដឹកនាំ នៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បទឈប់បាញ់ដែលបានពង្រឹងកាលពីថ្ងៃអាទិត្យ នៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។
យោងតាមសារព័ត៌មាន News X ចេញផ្សាយ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះបាននិយាយថា “ការរំពឹងទុករបស់យើងគឺថា ដំណើរការនេះ ទាក់ទងទៅនឹងការប្តេជ្ញាចិត្តទាំងអស់ ចាប់ផ្តើមភ្លាមៗនៅពេល ដែលពួកគេត្រូវបានចុះហត្ថលេខា” ។
សូមជម្រាបថា បើតាមក្រសួងការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺនៅថ្ងៃទី២៨ ខែតុលានេះជា ថ្ងៃទី៩១ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
